រឿងរ៉ាវស្នេហាយុវជនជនជាតិចិន លះបង់គ្រប់យ៉ាងដើម្បីស្រីម្នាក់ ចុងក្រោយស្ល.ាប់តែឯងគួរឲ្យសង្វេគ
ចិន៖ កាលពីថ្មីៗនេះ រឿងរ៉ាវរបស់យុវជនជនជាតិម្នាក់ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គមទូទាំងពិភពលោក ពាក់ព័ន្ធនឹងស្នេហា ស្រឡាញ់គេជាងខ្លួនឯង រហូតហ៊ានលះបង់គ្រប់យ៉ាងដើម្បីគេ ចុងក្រោយនៅតែមិនសមបំណង ប៉ុន្ដែរឿងរ៉ាវនេះ បង្កប់ដោយភាពឈឺចាប់សោកសៅយ៉ាងខ្លាំង។
យោងតាមប្រភពពីបណ្ដាញសង្គមបានឲ្យដឹងថា យុវជនជនជាតិចិនក្នុងរូបភាពនេះ មានឈ្មោះហៅក្រៅថា Fat Cat (ឈ្មោះតាម Hero ក្នុងហ្គេម) មានអាយុទើបតែ២១ឆ្នាំ លោកជាអ្នកលេងហ្គេមអាជីពម្នាក់ ពេលខ្លះលោកធ្វើជាអ្នកបង្រៀនគេ ក្នុងមួយម៉ោងៗរកបានត្រឹមតែ១០យេន ដែលស្មើនឹង ១ដុល្លារ៤០សេនប៉ុណ្នោះ។
ខណៈលោកកំពុងលេងហ្គេមនោះគាត់បានលង់ស្នេហ៍នឹងនារីម្នាក់ដែលមានអាយុច្រើនជាង៦ឆ្នាំ ដែលនារីរូបនោះអាយុ ២៧ឆ្នាំ បន្ទាប់ពីទាក់ទងគ្នាបានមួយរយៈ នាងយល់ព្រមធ្វើជាមិត្តស្រី រហូតដល់ទាក់ទងគ្នាបាន២ឆ្នាំ ពួកគេទើបតែជួបគ្នាបាន២ដងតែប៉ុណ្នោះ។
លុះរាល់ពេលដែលយុវជនម្នាក់នេះ រកលុយបាន លោកតែងតែផ្ទេរលុយទាំងអស់ ទៅមិត្តស្រីរបស់ខ្លួនដោយមិនដឹងថាខ្លួនចាញ់បោកនាងក្នុងរយៈពេល ២ឆ្នាំនោះទេ ដែលក្នុងរយៈពេល២ឆ្នាំ លោកបានផ្ញើលុយឲ្យមិត្តស្រីសរុបជាង ៥១ម៉ឺនយ័នដែលស្មើនឹងជាង៧ម៉ឺនដុល្លារ។
មិនត្រឹមតែប៉ុណ្ណោះទេ ពេលនាងក៏ចង់បើកហាងផ្កានៅទីក្រុងឈុងឈីង ហើយនាងក៏បបួលយុវជនរូបនេះ ឲ្យផ្លាស់ទីលំនៅមកនៅ ឈុងឈីង ជិតគ្នា។ ប៉ុន្ដែទោះបីយ៉ាងណាក៏មិត្តស្រីនេះ មិនព្រមរស់នៅជាមួយគ្នានោះដែរ ដោយដេញឲ្យ Fat Cat ជួលបន្ទប់នៅផ្សេង។
ដើម្បីឱ្យមិត្តស្រីរស់នៅបានសុខ ហូបឆ្ងាញ់ Fat Cat ត្រូវញ៉ាំអាហារថោកៗ មួយថ្ងៃញ៉ាំបាយតម្លៃ១០យ័ន ហើយជួលបន្ទប់តម្លៃថោកមានទំហំតូចពិបាកមើលមែនទែន ដោយសង្ឃឹមថានឹងឃើញមនុស្សជាទីស្រឡាញ់របស់ខ្លួនសប្បាយចិត្ត។
ក្រោយមក លោកក៏បានសុំនាងធ្វើសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីរៀបការ ប៉ុន្ដែនាងបែរជារកលេសមិនចង់រៀបការជាមួយលោក ហើយសុំចែកផ្លូវតែម្ដង ទាំងមិនមានហេតុផលច្បាស់លាស់។ ចុងក្រោយ បន្ទាប់ពីលះបង់គ្រប់យ៉ាងគ្មានសល់អ្វីក្នុងខ្លួន អស់កម្លាំងចិត្តរស់បន្ដ Fat Cat ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយបានលោតពីលើស្ពាន Chongqing ចូលទៅទន្លេ Yangtze ប្រទេសចិន។
ដោយឡែក ក្ដីស្រឡាញ់ជ្រាវជ្រៅជាងបាតសមុត្រ មុននឹងលោតទឹក លោកបានបាញ់លុយទាំងប៉ុន្មានដែលខ្លួនមានទៅឲ្យមិត្តស្រី ហើយថែមទាំងកម្មង់ផ្ការាប់ពាន់ទងឲ្យទៅនាងទៀតផង ចុងក្រោយលោកបាននិយាយថា ជាតិក្រោយលោកមិនចង់ញុំាតែបន្លែទៀតទេ លោកចង់ញុំា Mc donald ។
តាមរយៈរឿងរ៉ាវដ៏សោកសៅនេះ បានធ្វើឲ្យមហាជនចិនរាប់ពាន់នាក់ ទិញអាហារ និង ផ្កាទៅដាក់ពេញកន្លែងស្ពាន ដើម្បីឧទ្ទិសទៅកាន់ Fat Cat ជាតិក្រោយកុំឲ្យអភព្វដូចជាតិនេះទៀត៕