សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខ័ណ្ឌ ជូនសាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០ នាក់ អាចជាកូន ចៅ ឬបងប្អូនបង្កើត

នាពេលថ្មីៗនេះ តាមរយៈគណនីមួយដែលមានឈ្មោះ Pozz Svet មានឈ្មោះពិត ជាសំណាង រស្មីសត្យា កូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី ៣ បានបង្ហោះសារស្នើសុំដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានស្នើសុំក្របខ័ណ្ឌចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបានបន្តវេនពីឪពុក។

ដោយបានឃើញសាររបស់យុវជន ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ដែលបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេនពីឪពុក នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារឯកភាព ទៅតាមសំណើរបស់យុវជន រស្មីសត្យា។

ទន្ទឹមគ្នានោះផងដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ឱ្យដឹងថា មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ សម្ដេចនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០ នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក ឬបងប្អូនរបស់គាត់។

សូមរំឭកផងដែរថា កាលពីរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ មានឧបទ្ទវហេតុផ្ទុះគ្រាប់ដែលគេផ្ទុកក្នុងឃ្លាំងមួយ នៅយោធភូមិភាគទី ៣ ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ដ៏ភ្ញាក់ផ្អើលនេះ បានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និង មានយោធិនមួយចំនួនទៀតបានរងរបួសធ្ងន់ស្រាល។ ក្រោយមានឧបទ្ទវហេតុនេះ សពយោធិនដែលបានពលីទាំង ២០ នាក់ បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅបរិវេណវត្តចំបក់ ឃុំវល្លិស ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមការទំនុកបម្រុងទាំងស្រុងពីរាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង