អាកាសធាតុក្ដៅហួតហែងដាំអីមិនបានផល កសិករនៅឥណ្ឌា នាំគ្នាប្ដូររបរទៅលក់ការ៉េមវិញ

ឱ្យតែដល់ខែមីនា ជារៀងរាល់ឆ្នាំ ពលរដ្ឋក្នុងភូមិ Gangapur ប្រទេសឥណ្ឌា គឺតែងតែនាំគ្នាត្រៀមចំណាកស្រុកខ្លួន ជិះឡានដឹកការ៉េមបរលក់គ្រប់ទីកន្លែងពេញប្រទេស។

ខែមីនា គឺជារដូវកាលចំណាកស្រុករបស់អ្នកភូមិ Gangapur។ ពេលវេលានោះដែរ ខាងកន្លែងជួសជុលរថយន្តគឺមានការមមាញឹកបំផុត ដោយសារតែឡានរាប់ពាន់គ្រឿង ត្រូវបានពលរដ្ឋយកមកកែច្នៃទៅជាឡានដឹកការ៉េម ដើម្បីអាចជិះលក់នៅតាមបណ្ដាខេត្តក្រុងដទៃៗ ក្នុងរយៈពេល ៩ ខែទៅមុខ។

របរលក់ការ៉េម បានក្លាយជារបរចិញ្ចឹមជីវិតដ៏ពេញនិយមមួយសម្រាប់អ្នកភូមិ នាភាគពាយព្យប្រទេសឥណ្ឌានេះ ដោយសារតែគ្រោះរាំងស្ងួតនៅតែបន្តអូសបន្លាយ ធ្វើឱ្យផលដំណាំខូចខាត ប្រមូលផលមិនបាន ដែលប៉ះពាល់ការផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃរបស់ពួកគេជាខ្លាំង។ តាមឱ្យដឹង ចំនួនឡានដែលពលរដ្ឋយកមកកែច្នៃជាឡានលក់ការ៉េម បានកើនឡើងពី ៥០ គ្រឿងក្នុងឆ្នាំ ២០១៥ មកដល់ ៥០០ គ្រឿងក្នុងឆ្នាំ ២០២៤ នេះ។

គួរឱ្យដឹងផងដែរថា ក្នុងរយៈពេល ១០ ឆ្នាំមកនេះ ពលរដ្ឋប្រមាណ ១០០ នាក់ពីភូមិ Prajapati បាននាំគ្នាចូលប្រឡូករបរលក់ការ៉េមនេះ ដោយភាគច្រើនពួកគេលក់តាមឡាន។ ពួកអ្នកទាំងនោះ បានដឹងថា នៅរដ្ឋអ្នកមានៗដូចជារដ្ឋ Gujarat និង Maharrashtra ជាដើម មនុស្សភាគច្រើនគឺតែងដើរតាមស្តង់អាហារតាមផ្លូវនាពេលយប់ ទិញការ៉េម ទិញភេសជ្ជៈញ៉ាំ ដែលអាចជួយឱ្យពួកគេរកប្រាក់បានគួរសមដែរ។

ប្រាក់ដែលរកបាននោះ ពួកគេគឺបានផ្ញើទៅឱ្យក្រុមគ្រួសារនៅឯស្រុក ដើម្បីជួយពួកគេក្នុងការសាងសង់ផ្ទះ ជីកអណ្ដូង ឬដំឡើងគ្រឿងបរិក្ខារសម្រាប់ធ្វើកសិកម្មជាដើម៕

អត្ថបទដែលជាប់ទាក់ទង