អភិបាលរាជធានីភ្នំពេញ ទទួលជួបឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដេីម្បីពិភាក្សា ការងារពង្រឹងកិច្ចសហប្រតិបត្តិការលេីវិស័យកសិកម្មពាណិជ្ជកម្ម និង ធុរកិច្ច

ភ្នំពេញ : សហភាពអឺរ៉ុប មានទំនាក់ទំនង សហប្រតិបត្តិការជាមួយកម្ពុជា ជាយូរណាស់ មកហើយ ទៅលើវិស័យកសិកម្ម អប់រំ និងធុរកិច្ច ហើយសុភាសភាពអឺរ៉ុបនិងបន្តសហប្រតិបត្តិការនេះឲ្យកាន់តែល្អថែមទៀត។
លោក អុីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន បញ្ជាក់បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ នៅ សាលារាជធានីភ្នំពេញ ។

លោក អុីហ្គោរ៍ ទ្រីសម៉ាន់ បានបញ្ជាក់ថា ខ្ញុំធ្លាប់បានមករាជធានីភ្នំពេញ ចំនួន៣លើក មកហើយ ។ រាជធានីភ្នំពេញ ពិតជាមានភាព ស្រស់ស្អាតឡើងៗ ហើយថ្មីៗនេះ ក្នុងនាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំ កិច្ចប្រជុំកំពូលអាស៊ានបានយ៉ាងល្អប្រសើរថែម ទៀតផង។ សម្រាប់សហភាពអឺរ៉ុប យើងបានទំនាក់ទំនងជាមួយគ្នាល្អយូរអង្វែងណាស់មកហើយ ជាមួយនឹងប្រទេសកម្ពុជា ដោយផ្តោតលើវិស័យ កសិកម្ម អប់រំ និងធុរកិច្ច ។
លោកបានបន្តថា ការជួបពិភាក្សាគ្នាលើនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀតជាមួយនិង រដ្ឋបាលរាជធានីភ្នំពេញ ។ សហភាពអឺរ៉ុប តាមរយៈកិច្ចសហប្រតិបត្តិការល្អ កន្លងមកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពិតជាទទួលបានផ្លែផ្កាជា ច្រើន ដែលមានទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ដល់មន្ត្រី និងសម្រេចបានគម្រោងមួយចំនួនជាច្រើន ផងដែរ ។
លោកបានបញ្ជាក់ថា សំរាប់ រដ្ឋបាលរាជធានីភ្នំពេញ បើមានអ្វីត្រូវពឹងពាក់សហភាពអឺរ៉ុប ឱ្យជួយនោះ សហភាពអឺរ៉ុបនឹងជួយ ដល់រាជធានីភ្នំពេញផងដែរ ។
លោក អុីហ្គោរ៍ ទ្រីសម៉ាន់ ក៏បានសំណូមពរ ឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីជិះកង់មួយ ហើយពិធីនេះអាចរៀបចំ ក្នុងរដូវប្រាំង។

លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ បានឆ្លងកាត់ នូវសង្គ្រាមយ៉ាង ច្រើន ពិសេសនៅក្នុងរបបប៉ុលពត កម្ពុជា បានធ្លាក់ដល់ចំណុចសូន្យ។ តែក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ក្រៅពីរំដោះប្រទេសពីរបបប៉ុលពត ហើយនោះ សម្ដេចបានដឹកនាំប្រទេសដ៏កំសត់មួយនេះ ឲ្យមានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

រាជធានីភ្នំពេញ មានប្រជាពលរដ្ឋស្នាក់នៅនិងចេញចូលរកស៊ីប្រមាណជាង ៣លាននាក់ មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២លាន២សែនគ្រឿង ដែលធ្វើឱ្យ រាជធានីមួយនេះ ប្រឈមទៅនឹងការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបាន ប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង ស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាទិសដៅខាងមុខ រដ្ឋបាលរាជធា នីចង់បង្កើតឲ្យមានផ្លូវអាទិភាពមួយសម្រាប់រថយន្តក្រុង ដើម្បីឲ្យប្រជាពលរដ្ឋបែរមក ប្រើប្រាស់សេវារថយន្តក្រុង ដែលវានឹងអាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខមាលភាពប្រជាពលរដ្ឋ បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យរដ្ឋចំនួន១០ កន្លែង ហើយ កំពុងបង្កើតនូវមន្ទីរពេទ្យថ្មី ធំមួយទៀត នោះគឺមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលមានរហូត ដល់ ១ម៉ឺនគ្រែ ដែលគ្រោង បើកសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង