អបអរសាទរ! លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិថ្មីនេះ

នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ នេះ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី ៦ បានដំណើរការដោយរលូន និង បានបញ្ចប់ជាស្ថាពរហើយ ខណៈជ័យជម្នះ បានទៅលើប្រធានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។

ជាការពិតណាស់ នៅក្នុងអាណត្តិទី ៦ នេះ បេក្ខភាពដែលបានឈរឈ្មោះឱ្យគេបោះឆ្នោត មានចំនួន ៣ រូប ដែលសុទ្ធសឹងតែមានប្រជាប្រិយភាព បទពិសោធ និង ការងារល្អក្នុងវិស័យសិល្បៈ ក៏ដូចជាសង្គមផងដែរ។

បេក្ខភាពទាំង ៣ រូបនេះ រួមមាន លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ក៏ជាអតីតតារាសម្តែង និង ពិធីការិនីល្បីឈ្មោះ កាលពីប្រមាណជាង ២០ ឆ្នាំកន្លងទៅ។ លោក គួច ខេវិន ត្រូវបានគេស្គាល់ថាជារៀមច្បងក្នុងវិស័យសិល្បៈលើផ្នែកផលិតកម្សាន្តជាច្រើនក្នុងប្រទេសកម្ពុជា។ លោក ផាត់ តារារដ្ឋ គឺជាអ្នកសារព័ត៌មានអាជីពមួយរូប ដែលធ្វើការលើវិស័យសិល្បៈអស់រយៈពេលច្រើនឆ្នាំមកហើយ។

ដោយឡែកចំពោះលទ្ធផលបោះឆ្នោតនៅព្រឹកថ្ងៃទី ២ ឧសភា ឆ្នាំ ២០២៤ នេះ បានចេញជាស្ថាពរហើយ ដោយតំណែងប្រធានសមាគមសិល្បករខ្មែរ អាណត្តិថ្មីនេះ បានទៅលើលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដោយទទួលបានសំឡេងឆ្នោត ៥២៧ សំឡេង ក្នុងចំណោម ៦០០ សំឡេង។ នេះបើតាមការបង្ហោះអបអរសាទរពីសិល្បករ សិល្បការិនី ដែលបានចូលរួមបោះឆ្នោតនៅព្រឹកនេះ៕

អត្ថបទដែលជាប់ទាក់ទង