ឃាត់ខ្លួនចិន៣នាក់ ខណៈបក្ខពួក៩នាក់ទៀតរត់គេច សង្ស័យចាប់ជំរិតចិនដូចគ្នា ទារប្រាក់ជាង៦ម៉ឺនដុល្លារ
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិន៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ នៅតាមផ្លូវក្នុងបុរីញូវថោន ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកបក្ខពួកចំនួន៩នាក់ទៀត បានរត់គេចខ្លួនបាត់ ។
ក្រុមជនសង្ស័យខាងលើ ត្រូវបានជាប់សង្ស័យក្នុងអំពើចាប់ជនជាតិចិនដូចគ្នា ជំរិតទារប្រាក់ជាង៦ម៉ឺនដុល្លារ ប៉ុន្តែពុំទាន់មានប្រភពណាមួយអះអាងឲ្យបានច្បាស់ពីមូលហេតុថា ជាការចាប់ជំរិតយកលុយពីជនរងគ្រោះតែម្ដង ឬជាការដែលជនរងគ្រោះជំពាក់ប្រាក់ក្រុមជនសង្ស័យ មិនព្រមសង និងទារមិនបាន ទើបត្រូវក្រុមជនសង្ស័យចាប់ជម្រិតឲ្យសងប្រាក់ នៅឡើយទេ។ ទោះជាបែបណា មូលហាតុច្បាស់ និងត្រូវលាតត្រដាងឲ្យដឹងនៅពេលក្រោយ បន្ទាប់ពីសមត្ថកិច្ច ធ្វើការសាកសួរចម្លើយក្រុមជនសង្ស័យ ដោយឡែកពេលនេះ គ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ថាជាការចាប់ជំរិតទារប្រាក់ ។
តាមប្រភពព័តមានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះចំនួន២នាក់ ដែលជាជនជាតិចិនដែរនោះ ត្រូវបានក្រុមជនសង្ស័យខាងលើ ធ្វើសកម្មភាពចាប់ចេញពីក្លឹបលេខ៩ អន្តរជាតិ (CLUB NINE ) ដែលមានទីតាំងស្ថិតនៅតាមផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់មកដឹកតាមរថយន្ត ទៅលាក់ទុកនៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជំរិតទារប្រាក់ចំនួន ជាង៦ម៉ឺនដុល្លារ ប៉ុន្តែពុំទាន់ដឹងច្បាស់ថា ការចាប់នោះនៅវេលាម៉ោងប៉ុន្មាន និងថ្ងៃណានៅឡើយទេ ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយទទួលបានដំណឹងនេះហើយ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធតាមដានសុវត្ថិភាព GPS ដែលបំពាក់នៅតាមរថយន្តម៉ាកTOYOTA ALPHARD ដែលក្រុមជនសង្ស័យប្រើប្រាស់ជាមធ្យោបាយធ្វើសកម្មភពចាប់ជម្រិតនោះ។ ទើបនគរបាលអាចកំណត់បាន នូវពីទីតាំង ដែលក្រុមជនសង្ស័យកំពុងលាក់ខ្លួន បន្ទាប់មកនៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាលខាងលើបានសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការឃាត់ខ្លួនបានចំនួន៣នាក់ ខណៈកំពុងជិះរថយន្តម៉ាកឡង់គ្រីស័រ ១គ្រឿង តាមផ្លូវ ហើយនគរបាលដកហូតបានរថយន្តម៉ាកម៉ាកTOYOTA ALPHARD ១គ្រឿងផងដែរ រួចនាំទៅកាន់ការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ចំណែក៩នាក់ទៀត គេចបាត់អស់ ៕