រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា តាមការស្ទង់មតិ មនុស្ស ៧៩,៨ភាគរយ បានបញ្ជាក់ថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសិទ្ធសារព័ត៌មាន ផ្សព្វផ្សាយរបាយការណ៍ ស្តីពី«ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ នាទីស្តីការក្រសួង បានលើកឡើងថា បើយោងតាមលើលទ្ធផល នៃការស្ទង់មតិ ការសិក្សាស្រាវជ្រាវ បានកត់ត្រាទុកថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយ ក្នុងការស្ទង់មតិសរុបចំនួន ៣៤១នាក់ មានមនុស្ស ចំនួន ៧៩,៨ភាគរយ បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ដែលក្នុងនោះ ៧១ភាគរយ បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានស្ថានភាពល្អ និង ៨,៨ភាគរយ បានឆ្លើយថាសេរីភាពសារព័ត៌មានមានស្ថានភាព ល្អបំផុត ។
ឯកឧត្តមបានថ្លែងបញ្ជាក់បន្ថែមថា របាយការណ៍ ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជានេះ ជារបាយការណ៍ ដែលកម្ពុជា បានរៀបចំឡើងដោយខ្លួនឯងផ្ទាល់ ក្នុងក្របខណ្ឌ នៃរាជរដ្ឋាភិបាលអាណត្តិ ទី៧នេះ ដោយផ្អែកលើទិន្នន័យ ដែលក្រសួងព័ត៌មានគ្រប់គ្រង និងការវាស់វែងពីស្ថានភាព របស់អ្នកសារព័ត៌មាន ដែលប្រតិបត្តិការជាក់ស្តែងនៅតាមបណ្តារាជធានីខេត្តក្នុងប្រទេសកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ។ របាយការណ៍នេះត្រូវបានរៀបចំឡើងដោយឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងវិស័យព័ត៌មាន ស្របពេល ដែលកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀត ក្នុងតំបន់ បានបោះជំហានចូលដល់ចំណុចរបត់ នៃបរិវិត្តកម្មឌីជីថល និងខណៈពេល ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាព នៃការបញ្ចេញមតិនៅកម្ពុជា ។
តាមរយៈលទ្ធផលខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ដោយបញ្ជាក់ថា ផ្អែកតាមលទ្ធផល នៃការស្ទង់មតិនេះដែរ មនុស្សចំនួន៩៥ភាគរយ ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិទាំងអស់ បានឯកភាពថា ប្រព័ន្ធផ្សព្វផ្សាយសម្បូណ៍បែបនៅកម្ពុជាបច្ចុប្បន្ន គឺជាការចូលរួមលើកកម្ពស់សេរីភាព សារព័ត៌មាន ហើយមនុស្សចំនួន ៧៩,៨ភាគរយ បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជា អ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ ទន្ទឹមនេះ មនុស្សចំនួនស្ទើរតែ ១០០ភាគរយ នៃចំនួនអ្នកឆ្លើយនឹងការស្ទង់មតិសរុប បានផ្តល់សារៈសំខាន់ដល់ការគោរពក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន ដែលពួកគេបានប្រកាន់ ខ្ជាប់ក្នុងអាជីពជាអ្នកសារព័ត៌មាន ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងដោយបញ្ជាក់បន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ការសិក្សាបានរកឃើញថា ក្នុងចំណោមអ្នកស្ទង់មតិ សរុបចំនួន ៣៤១នាក់ មានមនុស្សចំនួនត្រឹម ៣៣,៣ភាគរយ មានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ហើយអ្នកសារព័ត៌មាន ដែលបានទទួលការបណ្តុះបណ្តាលជំនាញសារព័ត៌មានពីមហាវិទ្យាល័យ មានចំនួនត្រឹម ២,២៥% ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា បើយោងតាមទិន្នន័យបច្ចុប្បន្នភាព ឆ្នាំ២០២៣របស់ក្រសួងព័ត៌មាន បានបង្ហាញថា ក្រសួងបានចេញបណ្ណសម្គាល់អ្នកសារព័ត៌មាន សរុបចំនួន ៣,២០១បណ្ណ ក្នុងនោះបណ្ណអន្តរជាតិចំនួន ១១៣បណ្ណ ហើយអ្នកសារព័ត៌មានជាស្ត្រីមានចំនួន ២៦៩រូប គឺស្មើនឹង ៨,៧ភាគរយ នៃចំនួនអ្នកសារព័ត៌មានសរុប ។
បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណីនិងទំនើប ដែលបានចុះ បញ្ជីកានៅក្រសួងព័ត៌មាន មានចំនួនជាង ២,០០០ រួមមាន៖ គេហទំព័រ និងទូរទស្សន៍អនឡាញ (TV Online) មានចំនួន ៩៣៣ អង្គភាព, កាសែត ៤៤៧ អង្គភាព, សមាគមសារព័ត៌មាន ៥២ អង្គភាព, ទស្សនាវដ្ដី ១៩៤ អង្គភាព,ព្រឹត្តិបត្រ ២១ អង្គភាព, រោងពុម្ព ១១៣ អង្គភាព, សៀវភៅ ២២ អង្គភាព, ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាង ២៧ អង្គភាព, ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ០២ អង្គភាព, ស្ថានីយវិទ្យុ FM រាជធានីភ្នំពេញនិងខេត្ត២៨៣ និងវិទ្យុ AM ភ្នំពេញ ០១ អង្គភាព, ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ ស្ថានីយ និងផ្សាយបន្ត ១៦៥ ស្ថានីយ, ទូរទស្សន៍ឌីជីថល ១២ ស្ថានីយ និងទូរទស្សន៍អនឡាញ ១០ ស្ថានីយ, ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ និងនៅតាមខេត្ត ៤៤ស្ថានីយ និងទូរទស្សន៍អាណាឡូកមានចំនួន ១៤៣ ស្ថានីយ, ប្រព័ន្ធ OTT (Over The Top) ០៨ ស្ថានីយ និងប្រព័ន្ធSatellite ចំនួន ០២។ នៅកម្ពុជា មានអ្នកសារព័ត៌មានចំនួនប្រមាណ មួយម៉ឺននាក់ ៕