ជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហោះសារបកស្រាយនៅលើគណនីហ្វេសប៊ុក ទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា
មហាជនអ្នកតាមដានវិស័យសិល្បៈ ជាពិសេស សិល្បករ សិល្បការិនីជាច្រើនច្បាស់ជាបានជ្រាបហើយថា ក្រោយពីជំទាវ ចន ច័ន្ទលក្ខិណា ជាប្រធាសមាគមសិល្បករខ្មែររយៈពេល ៦ ឆ្នាំហើយនោះ នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើសរើសប្រធានសមាគមអាណត្តិថ្មី។
ជាក់ស្តែង មុននឹងឈានដល់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីនេះដែរ សមាគមសិល្បករខ្មែរ ក៏បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ អញ្ចើញឱ្យសិល្បករ-សិល្បការិនីអាជីព ដែលមានបំណងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ មកទទួលយកប័ណ្ឌបញ្ជាក់សិទ្ធិចូលរួមបោះឆ្នោត ចាប់ពីថ្ងៃប្រកាសដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤។
លិខិតទី ១
ក្នុងនោះ រយៈពេល ៥ ថ្ងៃបន្ទាប់ពីការប្រកាស ពោលគឺមកដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ សមាគមសិល្បករខ្មែរ ក៏បានប្រកាសជាថ្មីថា សមាគមបញ្ចប់ការចុះឈ្មោះទទួលយកប័ណ្ឌបញ្ជាក់សិទ្ធិចូលរួមបោះឆ្នោតហើយ ដោយចំនួននៃការទទួល ៦០០ នាក់ ត្រូវបានអស់។
លិខិតទី ២
យ៉ាងណាមិញ ជុំវិញការបញ្ចប់ការទទួលយកប័ណ្ឌបញ្ជាក់សិទ្ធិចូលរួមបោះឆ្នោតនោះដែរ រាជិនីសំឡេង អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានចេញមុខ Live ហ្វេសប៊ុកកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ដោយប្រតិកម្មពាក់ព័ន្ធនឹងការចុះឈ្មោះ ព្រមទាំងសេចក្តីប្រកាសទាំង ២ ខាងលើនេះ។
តាមរយៈការលើកឡើងរបស់សិល្បការិនីរៀមច្បង ម៉េង កែវពេជ្ជតា បានឱ្យដឹងថា៖ «អ្នកនាង បានដឹងពីសេចក្តីប្រកាស និង កាលកំណត់បញ្ចប់ការចុះឈ្មោះ គឺនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ដូច្នេះ អ្នកនាងគិតថាកៀកដល់ថ្ងៃនឹងទៅចុះឈ្មោះ ក៏ព្រោះកំពុងមមាញឹកផងនោះ។ តែមិនទាន់ដល់ថ្ងៃកំណត់ផង ក៏មានអ្នកសិល្បៈម្នាក់បានតេមកប្រាប់ថា គេឈប់ទទួលចុះឈ្មោះហើយ ក៏ព្រោះគ្រប់ចំនួន ៦០០ នាក់ ហើយ»។
អ្នកនាង ម៉េង កែវពេជ្ជតា បន្តនិយាយពីមូលហេតុនៃការប្រតិកម្មថា៖ «បើកំណត់ចំនួននៃការទទួល ៦០០ នាក់ មិនជាថ្វីទេ ប៉ុន្តែហេតុអ្វីសេចក្តីប្រកាសទី ១ ដែលបានបង្ហោះអញ្ចើញអ្នកសិល្បៈទៅចុះឈ្មោះមិនបានបញ្ជាក់? ហើយទាល់តែគ្រប់ចំនួនមុនថ្ងៃកំណត់ទើបបានបញ្ជាក់យ៉ាងដូច្នេះ?»។ យ៉ាងណាមិញ ការសួរនាំពីដើមទងនៃដំណើរការខាងលើនេះ សមាគមសិល្បកខ្មែរ ក៏មិនទាន់បានបកស្រាយនៅឡើយនោះទេ។
ឆ្លើយតបទៅការលើកឡើងខាងលើ ជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហោះសារបកស្រាយនៅលើគណនីហ្វេសប៊ុកនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ នេះ ទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា ថា ៖ «ខ្ញុំសូមជម្រាបជូនលោកស្រី ម៉េង កែវពេជ្ជតា ចំពោះសំណួរ និង ចម្ងល់របស់លោកស្រី! ខ្ញុំទុកតួនាទីជូន ឯកឧត្តមប្រធានគណៈកម្មការ ដែលជាតំណាងក្រសួងវប្បធម៌ និង គណៈកម្មការចម្រុះក្នុងការរៀបចំការបោះឆ្នោតជាអ្នកបកស្រាយ ព្រោះកិច្ចការងារដំណើរការបោះឆ្នោត គឺ សមាគមជាអ្នកចាំតែសម្រេចតាមពួកគាត់ទេ។ សូមអរគុណ»៕