កាប់បំផ្លាញ និងដុតកំទេចចោល ឧបករណ៍នេសាទល្មើសច្បាប់ នៅចំណុចបឹងរៀល ស្ថិតនៅក្នុងឃុំកំពង់អូស ស្រុកជលគិរី
កំពង់ឆ្នាំងៈ នៅថ្ងៃទី ១៩ តុលា ២០២៣ នេះ សមត្ថកិច្ចចម្រុះ ក្នុងនោះមាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង មន្ត្រីជលផលផ្នែកកំពង់ឆ្នាំង បានចុះ បង្ក្រាបបទល្មើសនេសាទ ហើយបានកាប់បំផ្លាញ និងដុតកំទេចចោលឧបករណ៍ នេសាទល្មើសច្បាប់ ស្តីពីច្បាប់ជលផល មានរបាំងលបសាច់អួន ប្រវែងវែង ចំនួន ១៣ របាំង មានប្រវែង ២.៦០០ ម៉ែត្រស្ថិតនៅខាងក្រោយភូមិដូនវៀត រហូតដល់ឃុំ កំពង់អូស ស្រុកជ្រុលគិរី ខេត្តកំពង់ឆ្នាំង។
ប្រតិបត្តិការនេះ បានចាប់ដំណើរការ បង្ក្រាបបទល្មើស ពីម៉ោង ៨:៣០ នាទីព្រឹក រហូតដល់ម៉ោង ៣ រសៀល នៅចំណុចបឹងរៀល ស្តិតនៅក្នុងឃុំកំពង់អុស ស្រុកជលគីរី ជាលទ្ធផល គឺរុះរើកាប់ បំផ្លាញ និងដុតកម្ទេចចោល នៅហ្នឹងកន្លែង មានរបាំងលបវែងៗ ចំនួន ១៣ កន្លែង មានប្រវែង ២,៦០០ ម៉ែត្រ លបលូចំនួន ២៥ មាត់ បង្គោលចំនួន ១,០៥០ ដើម ចាក់លែងត្រីចម្រុះ ចំនួន ១៧០ គីឡូ ចូលក្នុងបឹងធម្មជាតិវិញ។
សូមបញ្ជាក់ថា នៅចំណុចខាងលើនេះ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ សម ត្ថកិច្ចនគរបាល បង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង មានចំនួន ២៤ នាក់ កាណូត ៦ គ្រឿង បានចុះបង្ក្រាបម្ដងរួចមកហើយ ដោយបានកាប់បំផ្លាញរបាំងលបវែងៗ ចំនួន ៨ របាំង មានប្រវែង ៤,០០០ ម៉ែត្រ, លបលូ ៣០ មាត់ និងចាក់លែងត្រី ចំនួន ៨០០ គីឡូ ចូលក្នុងបឹងធម្មជាតិវិញ ប៉ុន្តែមកដល់ថ្ងៃនេះ នៅចំណុចខាងលើនេះ នៅតែមាន បទល្មើសដាក់របាំងវែងៗ មួយខ្សែៗ រាប់ពាន់ម៉ែត្រ ដដែល។
ទាក់ទងនឹងករណីនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានណែនាំ និងផ្ដាំផ្ញើដល់មន្ត្រីជលផល ទាំងលោកនាយខណ្ឌ លោកនាយផ្នែក និងនាយសង្កាត់ ព្រមទាំងមន្ត្រីជលផលទាំងអស់ ត្រូវយកចិត្តទុក ដាក់ ចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងដែនសមត្ថកិច្ច ដែលខ្លួនទទួលខុសត្រូវជា ប្រចាំ ដោយមិនត្រូវបណ្ដែតបណ្ដោយ ឲ្យកើតមានបទល្មើសនេសាទច្រើននោះ ឡើយ។ ករណីដែលមានបទល្មើសនេសាទច្រើន មិនចុះបង្ក្រាប នៅក្នុងដែនសមត្ថកិច្ច ផ្នែក ឬសង្កាត់ណាមួយនោះ គឺលោកនាយផ្នែក លោកនាយសង្កាត់ និងនាយខណ្ឌ ត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ ព្រោះលោកប្រធានមន្ទីរ បានណែនាំជាច្រើន លើកច្រើនសាររួចមកហើយ៕