ហ្វីលីពីន ជួបអាកាសធាតុក្ដៅខ្លាំង ដល់ថ្នាក់អាជ្ញាធរព្រមានពលរដ្ឋកុំឱ្យចេញក្រៅផ្ទះ បើមិនចាំបាច់
ប្រទេសហ្វីលីពីន រងការវាយប្រហារពីរលកកម្ដៅខ្លាំង ដែលបណ្ដាលឱ្យអាជ្ញាធរ ចេញការព្រមានពលរដ្ឋ ឱ្យកំណត់ការធ្វើសកម្មភាពខាងក្រៅ និងសាលាជាច្រើន ត្រូវផ្អាកមិនឱ្យសិស្សទៅ ដោយឱ្យរៀនអនឡាញជំនួសវិញ។
ជាធម្មតា ក្នុងចន្លោះខែមីនា ដល់ខែឧសភា គឺជារដូវដែលក្ដៅ និងស្ងួតបំផុតក្នុងប្រទេសហ្វីលីពីន ប៉ុន្តែអាកាសធាតុក្ដៅក្នុងឆ្នាំនេះ គឺអាក្រក់ខ្លាំង ដោយសារតែរងឥទ្ធិពលពីបាតុភូត El Nino។ តាមសម្ដីរបស់បុគ្គលិករីស៊តមួយកន្លែងនាខេត្ត Cavite ភាគខាងត្បូងក្រុង Manila បាននិយាយថា៖ «វាក្ដៅខ្លាំងណាស់ រហូតខ្ញុំដកដង្ហើមសឹងមិនរួច»។ គួរឱ្យដឹងថា កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ខេត្ត Cavite មានអាកាសធាតុក្ដៅខ្លាំងរហូតដល់ ៤៧ អង្សាសេ។
ជាមួយគ្នានោះដែរ ខាងភ្នាក់ងារឧតុនិយមក្នុងប្រទេស ក៏បានព្រមានដែរថា អាកាសធាតុនឹងកាន់តែក្ដៅជាងមុនក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ និងបានណែនាំឱ្យពលរដ្ឋខ្លួន កុំចេញទៅខាងក្រៅបើមិនចាំបាច់ ត្រូវញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ និងត្រូវបាំងឆ័ត្រប្រសិនបើចាំបាច់ត្រូវចេញក្រៅ៕