ក្ដៅៗ! ស្នងការខេត្តកំពត ប្រកាសអញ្ជើញ Santa Kh ឱ្យចូលជួបនៅស្នងការស្អែកនេះ
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ នេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាផ្ទុះការចែករំលែក និង ប្រតិកម្មយ៉ាងខ្លាំង ចំពោះអ្នកផលិតមាតិកាមួយរូប គឺលោក Santa Kh ដែលបានបង្ហោះរូបភាពមិនសមរម្យមួយ ថតនៅទីតាំងសេះសមុទ្របាញ់ទឹកខេត្តកំពត និងបង្ហោះលើ Story ហ្វេសប៊ុក។
ក្រោយពីផ្ទុះការចែករំលែកបន្តគ្នាច្រើនហូរហែស្រាប់តែនៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ នេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះ ឱ្យម្ចាស់រូបគឺ Santa Kh លុបរូបភាពនោះជាបន្ទាន់ថា ៖ «មុខមាត់ស្អាតបាទ តែគ្មានសីលធម៌ក្នុងខ្លួនលោកឯងគិតថាការថតបែបនេះជាការត្រឹមត្រូវដែរឬទេ ! នេះជាទង្វើគ្មានសីលធម៌ និងជាគំរូអាក្រក់ ហើយគឺនេះជាការមាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្កខ្ញុំ សូមលោកលុបរូបនេះចេញជាបន្ទាន់»។
ទន្ទឹមគ្នានេះផងដែរ ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានប្រកាសអញ្ជើញលោក Santa Kh ដែលមានឈ្មោះប្រើប្រាស់ក្នុង Facebook មកស្នងការដ្ឋាននៅថ្ងៃទី ២៦ មេសា ឆ្នាំ ២០២៤ ស្អែកនេះផងដែរ ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន។
សូមបញ្ជាក់ផងដែរថា រូបភាពមួយសន្លឹកនោះដែរ លោក Santa Kh បានថតនៅឯរូបសំណាកសេះសមុទ្របាញ់ទឹក នៅលើទឹកដីខេត្តកំពត ដោយបង្ហាញនូវកាយវិការមិនសមរម្យទាល់តែសោះ។ ក្នុងរូបនោះ បានធ្វើឱ្យមហាជនហួសចិត្ត និង លើកឡើងនូវមតិផ្សេងៗគ្នាជាច្រើនក្នុងន័យថា អ្នកផលិតមាតិការូបនេះហាក់លេងជ្រុល ខ្វះការពិចារណា និង គ្មានសីលធម៌ជាដើម។ ម្យ៉ាងវិញទៀត មហាជនក៏បានលើកឡើងថា នេះជាកន្លែងទេសចរណ៍មិនគួរណាលេងសើចបែបនេះឡើយ៕