អាមេរិក កូរ៉េខាងត្បូង និងជប៉ុនសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីកិច្ចសហប្រតិបត្តិការណ៍យោធារវាងរុស្ស៊ីនិងកូរ៉េខាងជើង

អាមេរិក៖ ប្រទេសជាសម្ព័ន្ធមិត្តចំ​នួនគឺ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីកិច្ចសហប្រតិបត្តិការណ៍យោធារវាងប្រទេសរុស្ស៊ីនិងកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២៣ ខែកញ្ញានេះ។ សេចក្តីថ្លែងការរួមនេះគឺត្រូវបានធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Park Jin និងរដ្ឋមន្ត្រីការបរទេសជប៉ុន Yoko Kamikawa បានជួបពិភាក្សាគ្នាក្នុងជំនួបពិសេសមួយកាលពីថ្ងៃសុក្រកន្លងទៅនេះ។

គួររម្លឹកជូនថា កាលពីសប្តាហ៍មុនប្រមុខដឹកនាំប្រទេសកូរ៉េខាងជើងគឺលោក គឹម ជុងអ៊ុនបានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាអំពីបញ្ហាជាច្រើនជាមួយនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។ តាមព័ត៌មានផ្លូវការបានបង្ហាញថា លោក គឹម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀរ ពូទីន បានជជែកគ្នាអំំពីបញ្ហាសំខាន់ៗមួយចំនួន ដូចជាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ការអភិវឌ្ឍន៍កម្មវិធីផ្កាយរណប និងបញ្ហាសន្តិសុខជាតិជាដើម។​ យ៉ាងណាក្តី សម្រាប់ក្រុមប្រទេសបស្ចឹមលោកបានយល់ឃើញថា នៅក្នុងជំនួបរវាងមេដឹកនាំនៃប្រទេសកុម្មុយនីស្តទាំងនេះគឺមានបន្ថែមនូវកិច្ចព្រមព្រៀងពិសេសមួយបន្ថែមទៀត ដែលជាកិច្ចព្រមព្រៀងផ្គត់ផ្គង់អាវុធពីសំណាក់កូរ៉េខាងជើងឲ្យទៅប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង