ចែកគ្នាដឹង! ចូលឆ្នាំខ្មែរ ថ្ងៃឡើងស័ក ថ្ងៃចុងក្រោយ ត្រូវចំថ្ងៃអង្គារ ទំនាយទាយថាបែបនេះ

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ នឹងឈានចូលមកដល់នៅថ្ងៃសៅរ៍​ ៥ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រិស្តសករាជ ២០២៤ វេលាម៉ោង ២២ និង ២៤ នាទីយប់។

កៀកនឹងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់នេះ បើតាមសៀវភៅ​មហាសង្ក្រាន្ត ដែល​រៀបរៀង​ដោយ​ឯកឧត្ដម អ៊ឹម បុរិន្ទ​ អគ្គលេខាធិការ​រង គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង ​អន្តរជាតិ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង ​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ បាន​បង្ហាញ​អំពី​ទំនាយ​តាមថ្ងៃសង្ក្រាន្ត ក្នុងឆ្នាំរោង ឆស័ក ដែលក្នុងនោះទំនាយថ្ងៃឡើងស័ក មានដូចខាងក្រោម ៖

ទំនាយថ្ងៃឡើងស័ក

ឡើងស័ក ត្រូវនឹងថ្ងៃអង្គារ ទំនាយថា ៖ ឆ្នាំនេះអាមាត្យនាហ្មឺន សព្វមុខមន្ត្រីនឹងរស់នៅត្រជាក់ត្រជុំជាសុខស្រួល ទោះបីជាតស៊ូប្រយុទ្ធជាមួយសត្រូវបច្ចាមិត្រក្នុងគ្រប់ទិសទី ក៏នឹងមានជ័យជំនះគ្រប់វេលា ភ្លៀងឱ្យដោយអន្លើ នឹងមានកើតកលិយុគ នៅក្នុងព្រះនគរ។

គួរឱ្យដឹងដែរថា សម្រាប់ឆ្នាំរោង ឆ្នាំថ្មីនេះ ទេវតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាមគ្គនាយិកាព្រះនាម មហោទរាទេវី ជារាជបុត្រីទី ៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀតផ្កាត្រកៀត អភរណៈនិលរតន៍ ភក្សាហារទ្រង់សាច់ទ្រាយ ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរា (ក្ងោក) ជាយានពាហនៈ៕

អត្ថបទដែលជាប់ទាក់ទង