បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី លួ»-ចស្រាបៀ
(បន្ទាយមានជ័យ)÷ កាលពីវេលាម៉ោង១៧ និង៥៥នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១.ឈ្មោះខា យូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
២.ឈ្មោះ ហ៉ិន លីណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ
ពាក់ព័ន្ធករណី លួច(ស្រាបៀ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែមីនា និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្រុងសិរីសោភ័ណ។
ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០២នាក់ ១.ឈ្មោះ វិត សីហា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ,២.ឈ្មោះ ខន សុរដ្ឋណែត ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖
១. រថយន្ត១គ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌មាស ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ2AK-9342 ដែលជារបស់ជនសង្ស័យជិះធ្វេីសកម្មភាព),
២.ស្រាបៀ ABC ចំនួន០៣កេស
៣.ស្រាបៀរហ្គេនស្បឺក ចំនួន០១កេស(ប្រគល់ឱ្យជនរងគ្រោះវិញ)
៤.ទូរសព្ទម៉ាកTECNOSPARKចំនួន០១គ្រឿង
៥.ម្សៅក្រាម ពណ៌សថ្លាចំនួន០១កូនថង់កិប។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្នុងពាក្យបណ្ដឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា នៅវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានជនសង្ស័យចំនួន០២នាក់បានប្រើល្បិច ដោយចូលទៅកម្មង់ទិញស្រាបៀពីជនរងគ្រោះ ជាច្រើនកេស ហើយជនរងគ្រោះលើកស្រាបៀដាក់លើរថយន្តរួច ស្រាប់តែជនសង្ស័យបើករថយន្តគេចខ្លួនតែម្តង។
លោកវរសេនីយត្រី សុខ ឡេង បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកស្រាបៀដោយមិនបានឱ្យបា្រក់ពិតប្រាកដមែន ហើយកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ពួកខ្លួនក៏បានប្រេីល្បិចទិញស្រាបៀអ្នកភូមិចំនួន០៨កេស ហេីយបានជិះរថយន្តគេចខ្លួនម្ដងដែរ។
លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់កម្លាំងជំនាញធ្វើតេស្ដរកសារថាតុញៀនឃើញថាវិជ្ជមានផងដែរ។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ