ប្រកាសបដិសេធព័ត៌មានមិនពិតដែលផ្សាយដោយ សកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់, និស្សិតខ្មែរជាង៤៥០នាក់នៅប្រទេសអ៉ីស្រាអែល មានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលនូវព័ត៌មានដែលផ្សាយដោយ សកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់។

លោក ប៉ែន បូណា បានបញ្ជាក់ថា និស្សិតខ្មែរជាង៤៥០នាក់ដែលកំពុងសិក្សានិងហាត់ការនៅប្រទេសអ៉ីស្រាអែល មានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន។
លោក ប៉ែន បូណា បានបញ្ជាក់ឱ្យដឹងដូច្នេះថា «និស្សិតខ្មែរជាង៤៥០ នាក់ដែលកំពុងសិក្សានិងហាត់ការនៅក្នុងប្រទេសអ៉ីស្រាអែល មានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន។ សូមបដិសេធព័ត៌មានមិនពិតដែលផ្សាយដោយសកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជាថ្មីថា «រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ជានិច្ចចំពោះ សុខទុក្ខនិស្សិតខ្មែរទាំងអស់ នៅក្នុងប្រទេសអ៉ីស្រាអែល ដោយចាត់ទុកសុវត្ថិភាពរបស់ពួកគេជាអាទិភាពចម្បងបំផុត។ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការរទេសនិងសហប្របត្តិការអន្តរជាតិ ក្រសួងអប់រំ ក្រសួងកសិកម្ម ព្រមទាំងស្ថាប័នមានសមត្ថកិច្ចមួយចំនួនទៀត ធ្វើការទាក់ទងជាប្រចាំជាមួយនិស្សិត និងម្ចាស់កសិដ្ឋានដែលពួកគេស្នាក់នៅ ក៏ដូចជាអាជ្ញាធរអ៉ីស្រាអែល ដើម្បីការពារសុវត្ថិភាពជូននិស្សិតខ្មែរទាំងអស់ ក៏ដូចជាអន្តរាគមន៍ដោះស្រាយបញ្ហាជូនពួកគេជាបន្ទាន់ប្រសិនបើពួកគេត្រូវការ»។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំបានយកចិត្តដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាពបងប្អូននិស្សិតខ្មែរ កំពុងរស់នៅ និងធ្វើការ នៅប្រទេសអ៉ីស្រាអ៊ែល បន្ទាប់ពីមានការប្រយុទ្ធគ្នា ដោយអាវុធរវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់។

លោកបន្តថា បច្ចុប្បន្ននេះនិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៉ីស្រាអែលចំនួន ៤៥២នាក់ មានសុវត្តិភាពទាំងអស់គ្នា ដោយមានការការពារយ៉ាងតឹងរឹង ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែល នៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋាន ដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ៕

អត្ថបទដែលជាប់ទាក់ទង