សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សេរីភាពនៃការគោរពសាសនាឥស្លាម ត្រូវបានបើកទូលាយ ដល់បងប្អូនឥស្លាម ដូចជា សិស្ស-និស្សិតឥស្លាម អាចស្លៀកសម្លៀកបំពាក់ ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សា

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សេរីភាពនៃការគោរពសាសនាឥស្លាម ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ដល់បងប្អូនឥស្លាម ដូចជា សិស្ស-និស្សិតឥស្លាម អាចស្លៀកសម្លៀកបំពាក់ ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ពេលអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ដែលមានបងប្អូនខ្មែរឥស្លាមចូលរួមប្រមាណ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ បញ្ជាក់យ៉ាងដូច្នេះថា «សេរីភាពនៃការគោរពសាសនាឥស្លាម ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ដល់បងប្អូនឥស្លាម ដូចជា សិស្ស-និស្សិតឥស្លាម អាចស្លៀកសម្លៀកបំពាក់ ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត, បងប្អូនជាស្ត្រីអាចទទូរក្បាល និងបុរសអាចពាក់កាតឹបថតរូប សម្រាប់ ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន, អត្តសញ្ញាណបណ្ណ ។ល។ កន្លែងថ្វាយបង្គំ ក៏មាននៅព្រលានយន្តហោះ, នៅតាមមន្ទីរពេទ្យរដ្ឋ, នៅតាមរោងចក្រ, សណ្ឋាគារ, ផ្សារធំៗមួយចំនួន, ជាពិសេស នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ»។

នាពេលនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យបន្ត យកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និង បច្ចេកវិជ្ជាផ្សេងៗ ដើម្បីឱ្យបងប្អូនខ្មែរឥស្លាម ទទួលបាននូវការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារ និងសង្គមជាតិកាន់តែប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឱ្យសាសនាទាំងអស់ ទទួលបានការគាំពារ ធានា និង លើកទឹកចិត្ត សុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប ក្នុងស្ថាប័នកំពូលរបស់ជាតិ និង នៅថ្នាក់ក្រោមជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគមន៍ខ្មែរឥស្លាម៕

អត្ថបទដែលជាប់ទាក់ទង