កេនយ៉ា! គ្រូពេទ្យប្រមាណ ៤ ពាន់នាក់ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ទុកអ្នកជំងឺចោលមិនខ្វល់
កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ក្រុមគ្រូពេទ្យនៅតាមបណ្ដាពេទ្យរដ្ឋក្នុងប្រទេសកេនយ៉ា បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មពេញប្រទេស ដោយចោទប្រកាន់រដ្ឋាភិបាលថាមិនបានបំពេញកិច្ចសន្យាមួយចំនួន លើការព្រមព្រៀងគ្នាដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៧ ក្រោយការធ្វើបាតុកម្មរយៈពេល ១០០ ថ្ងៃ បណ្ដាលឱ្យមនុស្សជាច្រើនត្រូវបាត់បង់ជីវិតដោយសារគ្មានការថែទាំព្យាបាល។
សហភាពសហការី និង ទន្តបណ្ឌិតប្រចាំប្រទេសកេនយ៉ា (KMPDU) បានលើកឡើងថា ពួកគេចេញមកធ្វើបាតុកម្មនេះ គឺដើម្បីទាមទារការធានារ៉ាប់រងសុខភាពឱ្យបានទូលំទូលាយសម្រាប់ក្រុមគ្រូពេទ្យ និងចង់ដាក់សម្ពាធទៅកាន់រដ្ឋាភិបាល ដើម្បីឱ្យបន្ថែមបុគ្គលិកពេទ្យហាត់ការ ១២០០ នាក់ទៀតលើផ្នែកសុខាភិបាល។
បើតាមវេជ្ជបណ្ឌិត Davji Bhimji អគ្គលេខាធិការប្រចាំ KMPDU បានរៀបរាប់ថា ក្រុមគ្រូពេទ្យចំនួន ៤ ពាន់នាក់ បានសហការគ្នាក្នុងការធ្វើបាតុកម្មនេះ បើទោះបីជាខាងតុលាការការងារ បានចេញស្នើឱ្យខាងសហភាពផ្អាកធ្វើបាតុកម្មសិន ដើម្បីទៅនិយាយចរចាជាមួយរដ្ឋាភិបាលក៏ដោយ។ ជាមួយគ្នានេះដែរ បើតាមវេជ្ជបណ្ឌិត Dennis Miskellah អគ្គលេខាធិការរងរបស់ KMPDU បានលើកឡើងដែរថា ពួកគេនឹងមិនធ្វើតាមដីការរបស់តុលាការ ដូចអ្វីដែលរដ្ឋាភិបាល បានបដិសេធមិនធ្វើតាមដីកាតុលាការចំនួន ៣ ដង ក្នុងការដំឡើងប្រាក់ខែគោលរបស់គ្រូពេទ្យ និងឱ្យគ្រូពេទ្យដែលព្យូរការងារបានធ្វើឡើងវិញ។
វេជ្ជបណ្ឌិត Dennis Miskellah បានឱ្យដឹងទៀតថា គ្រូពេទ្យហាត់ការ គឺមានចំនួន ២៧%នៃកម្លាំងការងារតាមមន្ទីរពេទ្យរដ្ឋក្នុងប្រទេសកេនយ៉ា ហើយអវត្តមានរបស់ពួកគេ គឺធ្វើឱ្យអ្នកជំងឺកាន់តែច្រើននឹងមិនទទួលបានការព្យាបាល។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យខ្លះ ពួកគេនៅបន្តធ្វើការ ដើម្បីធានាថាអ្នកជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់មិនត្រូវបាត់បង់ជីវិត។ គួរបញ្ជាក់ផងដែរថា ការប្រមូលផ្ដុំរបស់គ្រូពេទ្យធ្វើបាតុកម្មទូទាំងប្រទេសនេះ បានប៉ះពាល់ខ្លាំងដល់អ្នកជំងឺជាច្រើនដែលត្រូវទុកចោល មិនបានទទួលការព្យាបាល៕