មន្ត្រីល្មើសវិន័យកងកម្លាំងទាំង០៦រូប នៅស្នងការខេត្តបាត់ដំបង ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ

ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ចំនួន០៦រូបក្នុងចំណោមមន្ត្រីនគរបាលជាតិ សរុបចំនួន៥៩រូបទូទាំងប្រទេសចំណុះឲ្យអគ្គស្នងការនគរបាលជាតិ ដែលល្មើសវិន័យកងកម្លាំង ត្រូវបានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចបណ្ដេញចេញពីក្រមខ័ណ្ឌ ហើយសេចក្ដីប្រកាសនេះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហោះជាសាធារណៈតាមបណ្ដាញសង្គម ។

យោងតាមប្រកាសស្ដីពី«ការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ» លេខ៨៣៦ ប្រក ចុះថ្ងៃទី ០១ មិនា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា មន្ត្រីនគរបាលជាតិទូទាំងប្រទេសសរុបចំនួន៥៩រូប ចំណុះឲ្យអគ្គស្នងការស្នងការនគរបាលជាតិ ត្រូវបានសម្រេចបណ្ដេញពីក្របខ័ណ្ឌ ដោយសារតែមន្ត្រីទាំងនេះ «ល្មើសនឹងវិន័យកងកម្លាំងនគរបាលជាតិ»។
បទល្មើសដែលមន្ត្រីនគរបាលចំនួន៥៩រូបនេះ បានប្រព្រឹត្តនេះ ត្រូវគេនិយាយយ៉ាងទូលំទូលាយថា ផ្ដើមចេញពីកំហុសភាគច្រើនគឺ«ប្រើប្រាស់ថ្នាំញៀ.ន»។

នៅក្នុងចំណោមមន្ត្រីដែលត្រូវបណ្ដេញចេញពីក្របខ័ណ្ឌទាំង៥៩រូប ទូទាំងប្រទេស គឺមានមន្ត្រីនគរបាលជាតិចំនួន០៦រូប នៅក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
មន្ត្រីល្មើសវិន័យកងកម្លាំងទាំង០៦រូប នៅស្នងការខេត្តបាត់ដំបង ដែលត្រូវបណ្ដេញចេញពីក្របខ័ណ្ឌរួមមាន ១.លោកវរសេនីយ៍ត្រី មាន ស្រូច អត្តលេខ ៣៥៧២៣ នាយប៉ុស្ដិ៍២០៣ នៃវរសានាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ២, លោកអនុសេនីយ៍ឯក រស់ សេក អត្តលេខ ២២០៩៦ នាយរងប៉ុស្ដិ៍នគរបាល រដ្ឋបាលអូរចានៃអធិការក្រុងបាត់ដំបង ៣.លោកអនុសេនីយ៍ឯក ហូ ហៃ អត្តលេខ៥១៧៤៧ មន្ត្រី នៃវរសេនាតូចការពារព្រំដែនគោលលេខ៨១៩ ៤,លោកអនុសេនីយ៏ឯក អុល ឌន អត្តលេខ ៧០៥១៣ នាយផ្នែកសុខាភិបាលនៃវរសេនាតូចការពារព្រំដែនគោកលេខ៨២៣ ៥,លោកអនុសេនីយ៍ឯក អ៊ុយ សុវណ្ណា អត្តលេខ ៦៧៨៩០ មន្ត្រីនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និង៦,លោកពេជ្រ សុខាន់ អត្តលេខ ៦៤៧០៧ មន្ត្រី នៃវរសេនាតូចការពារព្រំដែនគោកលេខ៨១៧ ។

សូមរំលឹកថា បើគិតមកទល់ពេលនេះ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានក្រសួងមហាផ្ទៃសម្រេចបណ្ដេញចេញពីក្របខ័ណ្ឌចំនួន០៨រូបហើយ រាប់ទាំងមន្ត្រី០២រូប ដែលត្រូវបណ្ដេញចេញពីក្របខ័ណ្ឌកាលពីប៉ុន្មានខែមុននេះ ។

មន្ត្រី០២រូប ដែលត្រូវបណ្ដេញចេញពីក្របខ័ណ្ឌដំបូងគេនោះ ១លោកអនុសេនីយ៍ទោ ធេង ដួងសុវណ្ណថៃ អត្តលេខ ៧៣០៧៤ មន្ត្រីនៃការិយាល័យអន្តរាគមន៍ និងតម្រូតបទបញ្ជានៃស្នងការខេត្ត និង២លោកអនុសេនីយ៍ឯក ញ៉ែម ច័ន្ទរតនៈ អត្តលេខ៧៤៨៥៥ អធិការរងនគរបាលក្រុងបាត់ដំបង ។ បើតាមប្រភពពីសមត្ថកិច្ច មន្ត្រីនគរបាល នៃស្នងការខេត្តបាត់ដំបង ដែលក្រសួងមហាផ្ទៃ សម្រេចដកហូតមុខដំណែង រួចសម្រេចបណ្ដេញចេញពីក្រមខ័ណ្ឌជាបន្តបន្ទាប់ចំនួន០៨រូបនេះ បានប្រព្រឹត្តល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ដែលកំហុសភាគច្រើនផ្ដើមចេញពីការ«ប្រើប្រាសគ្រឿងញៀ.ន» ដែលត្រូវបានគេរកឃើញតាមរយៈការធ្វើតេស្ដទឹកនោម កាលពីខែមុននេះ ៕

អត្ថបទដែលជាប់ទាក់ទង