សំណុំរឿងជនជាតិចិន តៃវ៉ាន់ ៦នាក់ ពាក់ពន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ប្រមាណ៧៨០គីឡូក្រាម ប៉ុន្តែតុលាការ បានលើកពេលប្រកាសសាលក្រម

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានលើកយកសំណុំរឿងជនជាតិចិន តៃវ៉ាន់ ៦នាក់ ពាក់ពន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ប្រមាណ៧៨០គីឡូក្រាម ប៉ុន្តែតុលាការ បានលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដើម្បីផ្តន្ទាទោសលើជនជាប់ចោទ ។

សវនាការនេះ បានធ្វើឡើងជាធារណៈ ដែលដឹកនាំដោយលោក ស សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងចំពោះមុខជនត្រូវចោទ ព្រមទាំងមេធាវីការពារក្តី ដោយមានការសួរដេញដោលគ្រប់គ្រាន់តាមនីតិវិធី ។
ជនត្រូវចោទ ទាំង៦ នាក់ រួមមាន ៖
១.ឈ្មោះ CHEN CHI HSIANG ភេទប្រុស អាយុ៣៨ ឆ្នាំជា” មេខ្លោង” ។
២.ឈ្មោះ AN CHI WEI ភេទប្រុស អាយុ៣២ ឆ្នាំ
៣.ឈ្មោះ TUAN ZHONG YUE ភេទប្រុស អាយុ៤៧ ឆ្នាំ
៤.ឈ្មោះ CHAN I YANG ភេទប្រុស អាយុ៣៥ ឆ្នាំ
៥.ឈ្មោះ LIAO SHI BO ភេទប្រុស អាយុ២៧ ឆ្នាំ
៦.ឈ្មោះ TSAI YU CHING ភេទប្រុស អាយុ៣៦ ឆ្នាំ ។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបង្ហាញមុខជនសង្ស័យ ៦នាក់ និងសារធាតុញៀន ប្រមាណ ៧៨០គីឡូក្រាម ដែលទើបបង្ក្រាប និងចាប់ខ្លួនថ្មីៗនេះ ។
ពិធីបង្ហាញមុខជនសង្ស័យ ៦នាក់ និងសារធាតុជិត ៨០០គីឡូក្រាមនោះ ធ្វើឡើងដោយលោកឧត្តមសេនីឯក ឃឹង សារ៉ាត់ នាយកមន្តីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ អ៊ីន សុង នាយករងមន្ទីរ រួមមាននាយការិយាល័យជំនាញ “ក១” និងមន្ត្រីក្រោមឱវាទ ដែលចុះអនុវត្តផងដែរ ។
នៅចំពោះមុខអ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងឲ្យដឹងថា សមត្ថកិច្ចនគរបាលជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀន ឆ្លងដែនជាង ៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាស ដែលឆ្លងកាត់ពីប្រទេសឡាវ ចូលមកកម្ពុជា និងបម្រុង បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ ។
នេះជាការបង្ក្រាបទ្រុងទ្រាយធំ លើកទី១ ដែលលោកបានឡើងកាន់តំណែងជានាយកមន្ទីរ ប៉ុន្តែកន្លងមក មន្ទីរប្រឆាំងបទល្មើសគ្រឿង បានបង្ក្រាបករណីធំៗ ជាច្រើនករណីមកហើយដែរ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ ឧត្តមសេនីឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី (DEA) កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេត រយៈពេលជាង៤ខែ ដើម្បីស្រាវជ្រាវច្បាមមុខសញ្ញាឧក្រិដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ជនជាតិចិន(តៃវ៉ាន់) ១ក្រុម បានធ្វើសកម្មភាពចរាចរណ៍ គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១+ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបដោយបែងចែកកម្លាំងជា ២ក្រុម ។
ក្រុមទី១ ៖ នៅវេលាម៉ោង២និង៣០យប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ជាលទ្ធផល ៖
ក.ឃាត់ជនសង្ស័យ២នាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់):
១.ឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២ ។
២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។
ខ.ចាប់យកវត្ថុតាង :
១.សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ ៧៨៩.៧៨១ ក្រាម ។
២.រថយន្ត១គ្រឿង ទូរស័ព្ទ ២គ្រឿង ។
ក្រុមទី២ ៖ នៅវេលាម៉ោង ០៧:៣០(ព្រឹក) ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ០៩ និងលេខ ១១ ផ្លូវលេខ ០៣ គម្រោងទី៧ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជាលទ្ធផល ៖
ក.ឃាត់ជនសង្ស័យ៤ នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) :
១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ ” មេខ្លោង” ។
២.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩ ។
៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧ ។
៤.ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨ ។
ខ.ចាប់យកវត្ថុតាង ៖
-រថយន្ត ០៣គ្រឿង
-ម៉ូតូ ០២គ្រឿង
-ទូរសព្ទ ០៥គ្រឿង។
-គណនីធនាគារ ០៨គណនី ។
សរុបលទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យទាំងអស៦ នាក់ជាជនជាតិចិន (តៃវ៉ាន់) ។
២.ចាប់យកវត្ថុតាង ៖
-សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ ដុំ ស្មើទម្ងន់ ៧៨៩.៧៨១ ក្រាម ។
-រថយន្ត៤គ្រឿង
-ម៉ូតូ២គ្រឿង
-ទូរសព្ទ៧ គ្រឿង
-គណនីធនាគារ ៨ គណនី ។

ក្រោយបង្ហាញមុខ ជនសង្ស័យ ទាំង៦នាក់ និងវត្ថុតាងចាប់យក ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង