បេក្ខភាព Miss Grand ត្រូវបានមហាជននាំគ្នាពួយស្ទើរតែស្ពឹកមុខ សម្តែងធ្វើជិះឡានពេទ្យទៅប្រកួត

ទើបតែបង្ហាញខ្លួនក្នុងអង្គភាពថ្ងៃដំបូងសោះ បេក្ខភាព Miss Grand ២០២៤ របស់ថៃម្នាក់ ត្រូវបានមហាជននាំគ្នាពួយស្ទើរតែស្ពឹកមុខ ព្រោះតែនាងលេងសុទ្ធតែជិះរថយន្តសង្រ្គោះបន្ទាន់មក និងសម្តែងធ្វើជាអ្នកជំងឺឱ្យពេទ្យសង្រ្គោះយ៉ាងភ្ញាក់ផ្អើល។

តាមព័ត៌មានបានឱ្យដឹងថា បេក្ខភាពរូបនេះ មានឈ្មោះថា Baifern Kanphatphon ជាបេក្ខភាពតំណាងឱ្យខេត្ត Pathum Thani ឆ្នាំ ២០២៤ ។ ក្នុងនោះ ថ្ងៃដែលត្រូវមកបង្ហាញខ្លួនជាផ្លូវការនៅក្នុង អង្គភាព Miss Grand នាងក៏បានមកព្រមជាមួយនឹងឡានសង្រ្គោះ ដែលបើកសំឡេងស៊ីរ៉ែនមែនទែន ហើយនាងក៏បានសម្តែងធ្វើជាអ្នកជំងឺ ដែលកំពុងដេកលើគ្រែសង្រ្គោះ ព្រមទាំងមានគ្រូពេទ្យ និងអ្នកសង្រ្គោះកំពុងឆ្លេឆ្លាជួយធ្វើចលនាបេះដូងទៀតផង។ ក្រោយពីនោះមក នាងក៏បានងើបពីគ្រែសង្រ្គោះ ហើយក៏បានដោះអាវអ្នកជំងឺចេញ បង្ហាញឱ្យឃើញឈុតក្រហមចែស រួចថែមទាំងឆ្លៀតបង្ហាញរាងទៀត។

យ៉ាងណាមិញ សកម្មភាពមួយនេះ បានធ្វើឱ្យមហាជនច្រើនណាស់ នាំគ្នាកើតការមិនពេញចិត្ត ព្រោះតែមើលទៅមិនសមភ្នែកសោះ ជាពិសេសឡានសង្រ្គោះ គឺសម្រាប់ជួយអាយុជីវិតរបស់មនុស្ស មិនគួរណាយកមកសម្តែងធ្វើលេងសើចបែបនេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង