ឃាត់សន្តិសុខម្នាក់ ទៅតុលាការពាក់ព័ន្ធករណីលួចទូរស័ព្ទ នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាសន្តិសុខ ឈ្មោះ អាន ធារ៉ា អាយុ២៦ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចទូរសព្ទ ដែលប្រព្រឹត្តកាលពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ឃាត់ខ្លួនជនសង្ស័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ កេ សុខវី ភេទប្រុស អាយុ៤២ឆ្នាំ បច្ចុប្បន្ននៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះធ្វើការនៅក្នុងក្រុមហ៊ុនមួយ ក្នុងបុរីសានកូ ផ្នែកអ្នកបកប្រែភាសាចិន ពេលកំពុងធ្វើការ ខ្លួនតែងតែមើលកាមេរ៉ាសុវត្ថិភាពនៅកន្លែងធ្វើការ ស្រាប់តែឃើញបុគ្គលិកសន្តិសុខ ជាជនសង្ស័យដើរចូលទៅក្នុងបន្ទប់ធ្វើការផ្សេងទៀត ដែលគ្មានមនុស្សនៅ និងបានលួចយកទូរសព្ទដៃ ដែលក្រុមហ៊ុនទុកសម្រាប់ធ្វើការងារជាច្រើនគ្រឿងដាក់ចូលក្នុងហោបៅ រួចដើរចេញមកធ្វើការវិញជាធម្មតា ហើយរូបខ្លួនក៏ប្តឹងមកសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងតែម្តង។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង រួមមាន ទូរសព្ទម៉ាក IPhone7 ពណ៌ខ្មៅ ចំនួន០៨គ្រឿង, ទូរសព្ទម៉ាក IPhone7 ពណ៌ទឹកមាស ចំនួន០២គ្រឿង, ទូរសព្ទម៉ាក IPhone7 ពណ៌ផ្កាឈូក ចំនួន០១គ្រឿង និងទូរសព្ទម៉ាក IPhone7 ពណ៌ក្រហម ចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរសព្ទរបស់ក្រុមហ៊ុនពិតប្រាកដមែន។ ដោយផ្អែកលើការសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែក វត្ថុតាងទូរសព្ទ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដើមវិញ៕

អត្ថបទដែលជាប់ទាក់ទង