អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ ៖ ដឹងមុខអ្នកបើករថយន្ត Lamborghini បង្កហេតុហើយគឺជាជនជាតិចិន ដែលបើកបរស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង

ភ្នំពេញ ៖ អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ ថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊េរីទំនើបម៉ាក Lamborghini បើកបុកម៉ូតូមួយគ្រឿងបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់កាលពីយប់មិញ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី អ្នកបើករថយន្តបង្ក មិនមែនជា តារា TikTok Pa Fi Do នោះទេ គឺជាជនជាតិចិនម្នាក់ទៀត ជាអ្នកបើក ដែលមានជាតស្រវឹងខ្លាំង ដែលមានកម្រិតជាតិអាកុលក្នុងខ្លួនរហូតដល់ 0.86មីលីក្រាម ក្នុង១លីត្រខ្យល់ ។

ជនបើកបរបង្កឈ្មោះ « ហ្វូ សុងហ័រ » ជាជនជាតិចិន ដោយក្នុងនោះមានជនជាតិចិនម្នាក់ទៀត ឈ្មោះប៉ាហ្វីដូ ដែលត្រូវបានមហាជនស្គាល់ថា ជាអ្នកលេងបណ្តាញសង្គមល្បីម្នាក់ គឺពុំមែនអ្នកបើកនោះឡើយ គ្រាន់តែបានរួមដំណើរជាមួយ ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ បានបន្តថា ករណីនេះរថយន្តបង្កបើកបុកម៉ូតូជនរងគ្រោះដែលជិះធ្វើដំណើរស្របទិសគ្នា ហើយក្រោយបង្កហេតុ ក៏បានព្យាយាមបើករត់គេច តែត្រូវពលរដ្ឋអ្នកឃើញហេតុការណ៍ ជិះដេញតាមចាប់ប្រគល់ជូនសមត្ថកិច្ច ។

គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក ហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1V-9127 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តម៉ាក ឡាំបូគីនី ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាF.R.999 បើកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យជនរងគ្រោះដួលបោកក្បាលស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងតែម្តង ។
សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនអ្នកបើកបររថយន្តបង្កហេតុទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង