កូរ៉េខាងត្បូង ប្រកាសអាសន្នកម្រិតធ្ងន់ ព្រោះគ្រូពេទ្យរាប់ពាន់នាក់នាំគ្នាដាក់ពាក្យលាឈប់លែងធ្វើការ

ប្រទេសកូរ៉េខាងត្បូង បានលើកការប្រកាសអាសន្នផ្នែកសុខាភិបាលដល់កម្រិតធ្ងន់ធ្ងរខ្លាំង ខណៈក្រុមគ្រូពេទ្យរាប់ពាន់នាក់ក្នុងប្រទេស បាននាំគ្នាឈប់ធ្វើការដំណាលគ្នា ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់ដំឡើងចំនួននិស្សិតប្រឡងចូលសាលាវេជ្ជសាស្ត្រ។

បើតាមលិខិតប្រកាសកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងសុខាភិបាលប្រចាំប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា៖ «ពួកយើង សម្រេចលើកការប្រកាសអាសន្នផ្នែកសុខាភិបាល ពីកម្រិតប្រុងប្រយ័ត្ន ទៅកម្រិតធ្ងន់ធ្ងរ»។ ជាមួយគ្នានោះដែរ ខាងក្រសួងក៏បានលើកឡើងទៀតថា លោកនាយករដ្ឋមន្ត្រី Han Duck-soo គ្រោងនឹងធ្វើកិច្ចប្រជុំមួយនៅថ្ងៃទី ២៣ នេះ ជុំវិញវិធានការគ្រប់គ្រងលើបញ្ហាដ៏ធ្ងន់ធ្ងរ ទាក់ទងនឹងការផ្ទុះការតវ៉ាប្រឆាំងរបស់ក្រុមគ្រូពេទ្យរាប់ពាន់នាក់នេះ។

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅ ក្រុមគ្រូពេទ្យថ្នាក់ហាត់ការប្រមាណជាង ៨ ៤០០ នាក់ បាននាំគ្នាឈប់លែងធ្វើការ ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់ថ្មីរបស់រាជរដ្ឋាភិបាល ដែលចង់ដំឡើងចំនួននិស្សិតប្រឡងចូលសាលាវេជ្ជសាស្ត្រឱ្យដល់ចំនួន ២ ពាន់នាក់ ចាប់ពីឆ្នាំ ២០២៥ ទៅ បង្កជាការរអាក់រអួលចលាចលខ្លាំងនៅមន្ទីរពេទ្យធំៗជាច្រើន រហូតត្រូវបង្ខំចិត្តមិនទទួលអ្នកជំងឺ ឬ លុបចោលការវះកាត់។

ក្នុងនោះដែរ កាលពីថ្ងៃទី ២២ ខែកុម្ភៈ កន្លងទៅ ក្រសួងអប់រំប្រចាំប្រទេសកូរ៉េខាងត្បូង ក៏បានលើកឡើងដែរថា និស្សិតពេទ្យជិត ១២ ០០០ នាក់ក្នុងប្រទេស ក៏បានដាក់ពាក្យឈប់រៀន ដើម្បីមកធ្វើការតវ៉ានឹងរដ្ឋាភិបាល ជុំវិញគម្រោងកំណែទម្រង់ថ្មីនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង