កូរ៉េខាងត្បូង! ត្រឹម ២ ថ្ងៃ បុគ្គលិកពេទ្យជិត ៩ ពាន់នាក់នាំគ្នាដាក់ពាក្យលាឈប់ រហូតអ្នកជំងឺខឹងព្រោះខ្វះពេទ្យព្យាបាល
អ្នកជំងឺនៅប្រទេសកូរ៉េខាងត្បូង បានបង្ហាញការខកចិត្ត និង ខឹងសម្បាជាខ្លាំង ដោយសារពួកគេជួបប្រទះការលំបាកក្នុងការទទួលការពិនិត្យ និង ព្យាបាល នៅពេលបុគ្គលិកពេទ្យប្រមាណជិត ៩ ពាន់នាក់ បាននាំគ្នាដាក់ពាក្យលាឈប់អស់ក្នុងរយៈពេលត្រឹម ២ ថ្ងៃ។
បុគ្គលិកពេទ្យចំនួន ៨ ៨១៦ នាក់ ពោលប្រមាណជាង ៧០% នៃក្រុមគ្រូពេទ្យក្មេងៗនៅប្រទេសកូរ៉េ បាននាំគ្នាដាក់ពាក្យលាឈប់ ក្នុងរយៈពេលត្រឹម ២ ថ្ងៃ ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់ថ្មីរបស់រដ្ឋាភិបាល ដែលចង់បង្កើនចំនួនសិស្សចូលរៀនផ្នែកវិជ្ជសាស្ត្ររហូតដល់ ២ ពាន់នាក់ចាប់ពីឆ្នាំ ២០២៥ ទៅ។
តាមព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ បុគ្គលិកពេទ្យជាង ៧ ៨០០ នាក់ មិនមកធ្វើការនៅមន្ទីរពេទ្យឡើយ បើទោះបីជាខាងរដ្ឋាភិបាល ប្រកាសហៅឱ្យត្រឡប់មកបំពេញការងារវិញក៏ដោយ។ ពួកគេសម្រេចចិត្តដាក់ពាក្យលាឈប់ជាចង្កោម ដោយសារតែការព្រួយបារម្ភថា គម្រោងបង្កើនចំនួនសិស្សនៅសាលាពេទ្យ អាចប៉ះពាល់ដល់គុណភាពនៃសេវាកម្មវេជ្ជសាស្ត្រ ក៏ដូចជាប៉ះពាល់ដល់មុខតំណែង និង ប្រាក់ចំណូលរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នខាងមន្ទីរពេទ្យ បានបង្ហាញក្ដីបារម្ភជាខ្លាំងចំពោះការលាឈប់របស់គ្រូពេទ្យជាចង្កោមធំបែបនេះ ដែលវាអាចប៉ះពាល់ដល់សេវាកម្មក្នុងមន្ទីរពេទ្យជាខ្លាំង។ ជាក់ស្ដែង នៅបន្ទប់វះកាត់នាមន្ទីរពេទ្យធំៗចំនួន ៥ នៅក្រុងសេអ៊ូល ចំនួនពេទ្យបានកាត់បន្ថយមកនៅត្រឹម ៥០ ភាគរយប៉ុណ្ណោះ៕