នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង សញ្ជាតិ Bahamas ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកជិត១ពាន់នាក់ បានចូលចត នៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៩៨១នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា លើកទី៣ រយៈពេល១ថ្ងៃ។

របាយការណ៍បានឱ្យដឹងថា នាវានេះ មានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៤៧សញ្ជាតិ) ៤២០នាក់ (ស្រី៩៩) មានផ្ទុកភ្ញៀវទេសចរចំនួន ៥៦១នាក់ ស្រី២៨៦ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ២៨សញ្ជាតិ។

របាយការណ៍ដដែលបានបន្តថា នាវាទេសចរណ៍មួយនេះនឹងចាកចេញពីខេត្តព្រះសីហនុ នាវេលាម៉ោង០៨យប់ ថ្ងៃទី២២ ខែកុម្ភៈនេះដដែល ដើម្បីបន្តឆ្ពោះទៅកម្សាន្តនៅប្រទេសវៀតណាម។
សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ ក៏ធ្លាប់ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកទី១ កាលពីព្រឹកថ្ងៃទី១១ ខែមករា និងលើកទី២ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយកាលណោះផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណជិត១ពាន់នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង