សមត្ថកិច្ចត្រួតពិនិត្យទីតាំង ឌីអិន ស្ប៉ា និង ម៉ាស្សា សង្ស័យបង្កប់ល្បែងស៊ីសង

(ភ្នំពេញ)៖ ក្រោយមានបណ្ដាញសង្គមមួយចំនួនបានបង្ហោះជាសាធារណៈថាទីតាំង ឌីអិន ស្ប៉ា និងម៉ាស្សា មានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទនៅខាងក្នុង, កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានចុះដល់ទីតាំង និងត្រួតពិនិត្យជាក់ស្ដែងពុំមានដូចការចុះផ្សាយនោះឡើយ ឃើញតែបន្ទុប់ម៉ាស្សាស្នុកឃ័រ គ្មានសម្ភារៈ អ្វីពាក់ព័ន្ធល្បែងស៊ីសងនោះទេ។

ប្រតិបត្តិការចុះត្រួតពិនិត្យ ធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មានការបញ្ជាពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឱ្យលោក កេត ឧត្តម អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង ឌីអិន ស្ប៉ានិងម៉ាស្សា ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ១២២ កែងផ្លូវលេខ១៧១ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងស៉ីសងឡើយ។

នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរអាជ្ញាធរ បានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ចហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងមកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង និងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវតែបង្ក្រាប់។

ក្នុងនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏បានដាក់ដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ គឺមិនអនុញ្ញាតឱ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បន្តមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ៕

អត្ថបទដែលជាប់ទាក់ទង