សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការកត់ត្រាមន្ត្រីពាក់ព័ន្ធគ្រឿងញៀនក្នុងបញ្ជីខ្មៅ មិនមែនជាការរំលោភសិទ្ធិនោះទេ តែជាការជួយសហគមន៍មិនឱ្យពាក់ព័ន្ធគ្រឿងញៀន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការកត់ត្រាមន្ត្រីពាក់ព័ន្ធគ្រឿងញៀនក្នុងបញ្ជីខ្មៅ មិនមែនជាការរំលោភសិទ្ធិនោះទេ តែជាការជួយសហគមន៍ ជួយប្រជាពលរដ្ឋ ជួយបង្កើនសិទ្ធិមនុស្ស ជួយអនុវត្តច្បាប់ ជួយលើកតម្កើងច្បាប់ និងមិនឱ្យពាក់ព័ន្ធគ្រឿងញៀន។

ការគូសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង គ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ហើយនៅក្នុងទៅមុខទៀតយើងមានការប្រើប្រាស់ក្នុងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជួយតែម្តង សួរថាអាហ្នឹងមិនសាហាវពេកទេដាក់ខ្ញុំក្នុងបញ្ជីដាក់អ្នកដែលលក់គ្រឿងញៀន អ្នកដែលប្រព្រឹត្តគ្រឿងញៀន នៅក្នុងបញ្ជីរបស់រដ្ឋាភិបាល អាហ្នឹងមិនធ្វើបាបគាត់ទេ បំបាត់សិទ្ធិមនុស្សទេ? អត់ទេ តាមពិតគឺជាការការពារសិទ្ធិមនុស្ស វិញទេ ទី១ យើងដឹងគាត់ ដើម្បីជួយគាត់ តម្រង់ផ្លូវគាត់, ទី២៖ ការពារសិទ្ធិធំ គឺសិទ្ធិសហគមន៍ប្រជាពលរដ្ឋដែលចង់រស់នៅដោយសុខសន្តិភាព, សិទ្ធិប្រជាពលរដ្ឋដែលចង់រស់នៅដោយគ្មានគ្រឿងញៀន ក្នុងសហគមន៍របស់គាត់កូនគាត់ទៅរៀនដោយគ្មានព្រួយបារម្ភ អញ្ចឹងការទប់ស្កាត់នេះ គឺជួយប្រជាពលរដ្ឋយើង ជួយបង្កើនសិទ្ធិមនុស្សរបស់យើង ជួយអនុវត្តច្បាប់ ជួយលើកតម្កើងច្បាប់…!»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បុគ្គលដែលធ្វើខុសច្បាប់ត្រូវតែទទួលការខុសត្រូវចំពោះមុខច្បាប់ ក៏ប៉ុន្តែ ការអនុវត្តច្បាប់របស់កម្ពុជា មិនមែនអនុមនុស្សធម៌យកជនល្មើសទៅប្រហារជីវិតនោះទេ ពីព្រោះនៅប្រទេសកម្ពុជា មិនមានច្បាប់ប្រហារជីវិតនោះទេ ក៏ជនល្មើសត្រូវទទួលទោសទៅតាមប្រភេទទោសដែលមានចែងក្នុងច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជនដែលបានប្រើប្រាស់គ្រឿងញៀន ក៏ត្រូវបានរៀបចំនាំយកទៅស្តារនីតិសម្បទា និងកម្មវិធីសមារណកម្មជនដែលប្រើប្រាស់គ្រឿងញៀនឱ្យចូលទៅក្នុងសង្គមវិញ។ សូម្បីតែជនល្មើសដែលបានប្រព្រឹត្តបទល្មើសគ្រឿងញៀន ដែលបានអនុវត្តន៍ទោសរួចក៏ត្រូវបានធ្វើសមារណកម្មចូលក្នុងសង្គមដោយផ្លាស់មុខរបរជូនពួកគេជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជោគជ័យ ឬមិនជោគជ័យ រាជរដ្ឋាភិបាលត្រូវតែខិតខំធ្វើយ៉ាងណាការពារអ្នកដែលមិនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនឱ្យបាន។ ដោយការពារប្រទេសយើង ការពារសង្គមជាតិរបស់យើង បញ្ហាគ្រឿងញៀនបានបង្កើតឱ្យមានប្រភពបញ្ហាជាច្រើន ខណៈប្រជាលរដ្ឋមានក្តីកង្វល់យ៉ាងខ្លាំងចំពោះបញ្ហាគ្រឿងញៀន ដែលទាមទារឱ្យរាជរដ្ឋាភិបាលខិតខំប្រឹងសម្អាត និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យអស់នៅក្នុងពេលណាមួយផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា ១៥ ទៅ២០ឆ្នាំទៀត បញ្ហាគ្រឿងញៀននឹងអស់ពីកម្ពុជា។ ដូច្នេះ ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន មិនត្រូវធ្វើរបៀបវែកចកនោះទេ គឺត្រូវមានផែនការមួយច្បាស់លាស់។
ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចបានចុះហត្ថលេខាលើសេចក្ដីសម្រេចឱ្យធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងក្រោមជាតិ។ ក្នុងករណីរកឃើញមន្ត្រីណាមួយប្រើប្រាស់គ្រឿងញៀន នឹងបណ្ដេញចេញពីក្របខ័ណ្ឌ ដូចធ្លាប់អនុវត្តន៍លើកងកម្លាំងនៅក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ សម្តេចថាដោយកន្លងមក មានការអនុវត្តរួចហើយ ទៅលើកងកម្លាំងប្រដាប់អាវុធ រួមមាន៖ នគរបាល និងកងទ័ព ហើយចាប់ពីពេលនេះតទៅ មន្ត្រីរាជការស៊ីវិលក៏ដូចគ្នាដែរ។ ការអនុវត្តយ៉ាងដូច្នេះ គឺដើម្បីពង្រឹងវិន័យ សីលធម៌ និងការទទួលខុសត្រូវ សម្រាប់មន្ត្រីរាជការម្នាក់ៗ សម្រាប់ធ្វើជាគំរូដល់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង