ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានផ្តោតលើធាតុ៣សំខាន់នៃសន្តិសុខសារព័ត៌មានគឺ សិទ្ធិទទួលបានព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន
ភ្នំពេញ៖ ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន គឺសំខាន់ណាស់ ព្រោះប្រព័ន្ធផ្សយផ្សាយត្រូវធ្វើយ៉ាងណាផ្ដោតលើ ទី១-ឱ្យសារព័ត៌មានមានគុណភាព សំដៅទៅលើអ្នកសារព័ត៌មាន អ្នកដែលបំពេញកិច្ចការងារក្នុងវិស័យព័ត៌មានត្រូវតែមានសមត្ថភាពពេញលេញ ទី២-មានក្រមសីលធម៌ និងទី៣-ផលិតផលដែលខ្លួនបញ្ជូនឱ្យមានគុណភាព សុវត្ថិភាព។
ក្នុងក្របខណ្ឌនេះ ក្រសួងព័ត៌មានបានផ្តោតសំខាន់ទៅលើសន្តិសុខសារព័ត៌មានដែលសំដៅទៅលើធាតុ៣សំខាន់គឺ ទី១- សិទ្ធិទទួលបានព័ត៌មាន ដោយប្រជាពលរដ្ឋទទួលបានការផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយ ទី២- គុណភាពព័ត៌មាន និងទី៣- សុវត្ថិភាពព័ត៌មាន មានន័យថាប្រជាពលរដ្ឋទទួលបានព័ត៌មានពិត មិនមែនជាប្រភេទព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះ ក្នុងកម្មវិធីបញ្ជ្រាបច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ វិធានការទប់ស្កាត់ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រសួងព័ត៌មាន ដែលធ្វើបទបង្ហាញដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្កភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំចតុម្មុខមង្គល ក្រសួងព័ត៌មាន។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីគម្រោងបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានដោយមានការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីក្រុមការងារក្រសួងព័ត៌មានធ្វើការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ដោយទី១ បណ្ដុះបណ្ដាលអំពីក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាព សមត្ថភាព ទាំងផ្នែកជំនាញ និងក្រមសីលធម៌របស់អ្នកសារព័ត៌។ ទី២ ការអនុវត្ដច្បាប់ពាក់ព័ន្ធ ជាពិសេសច្បាប់ប្រឆាំងនឹងអំពើពុករលួយ ដើម្បីពង្រឹងលើការអនុវត្ដក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានញ្ជាក់ឱ្យដឹងថា ការបណ្ដុះបណ្ដាលនេះ ប្រសិនបើទទួលបានទទួលការអនុញ្ញាតពីអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមរដ្ឋមន្ត្រីនឹងអញ្ជើញអ្នកកាសែតនៅទូទាំងប្រទេស ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជាវគ្គៗ ដើម្បីបញ្ជ្រាបនូវចំណេះដឹងផ្នែកច្បាប់ ដើម្បីចូលរួមពង្រឹងបន្ថែមនូវក្រមសីលធម៌របស់អ្នកសារព័ត៌មាន។
ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានក៏បានជម្រាបជូនផងដែរថា គោលដៅទៅមុខ របស់ក្រសួងព័ត៌មានគឺការពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា ស្របតាមបរិបទនៃការរីកចម្រើនរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ពោលគឺគោលដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យម និងចំណូលខ្ពស់ ហើយក្លាយទៅជាប្រទេសអភិវឌ្ឍន៍។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានគូសបញ្ជាក់ថា អំពើពុករលួយមិនមាននិយមន័យឡើយ ប៉ុន្តែត្រូវបានកំណត់ដោយច្បាប់របស់ប្រទេសនីមួយៗថាជាបទល្មើស។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា ការប្រឆាំងនឹងអំពើពុករលួយដោយឈរលើគោលការណ៍បី ទី១ ការអប់រំ ដោយអប់រំឱ្យស្អប់អំពើពុករលួយ អប់រំឱ្យស្រឡាញ់សុចរិតភាព និងស្រឡាញ់ភាពស្អាតស្អំ ជាពិសេសការអប់រំនេះ គឺជាទីតួនាទីរបស់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានដែលដើរតួនាទីសំខាន់ក្នុងការចូលរួម។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្ដីបានបញ្ជាក់ថា ឯគោលការណ៍ទីពីរ ក្នុងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគឺការបង្ការ និងទប់ស្កាត់ ដែលបញ្ហានេះ គឺជាតួនាទីរបស់ក្រសួង ស្ថាប័ននីមួយៗ និងអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដែលជាមន្រ្ដីសាធារណៈ ក្នុងការផ្ដល់សេវា បម្រើជូនដល់ប្រជាពលរដ្ឋ។ ចំណែកគោលការណ៍ទីបី ការបង្ក្រាបបទល្មើស បញ្ចូនទៅតុលាការ ដាក់ពន្ធធនាគារ ដើម្បីកុំឱ្យប្រព្រឹត្ដអំពើពុករលួយ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្ដីលើកឡើងថា ចំពោះចំណុចទីបីនេះ គឺជាអំណាចផ្ដាច់មុខរបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺអត់មានស្ថាប័នណាផ្សេងមានភារកិច្ចចាប់អ្នកណា ចោទអ្នកណា និងកសាងសំណុំបែបបទបញ្ចូលទៅតុលាការរឿងទាក់ទងនឹងបញ្ហាពុករលួយនោះទេ។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា អំពើបរិហារកេរ្តិ៍តាមសារព័ត៌មាន គឺស្ថិតនៅក្រោមបទប្បញត្តិរបស់សារព័ត៌មាន។ នេះហើយដែលសម្ដេចតេជោបានស្នើសុំទៅរដ្ឋសភាដើម្បីដកទោសដាក់ពន្ធនាគារចេញពីបទប្បញ្ញត្តិនោះ ដូច្នេះមានតែទទួលទោសពិន័យប៉ុណ្ណោះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងទៀតថា តាមច្បាប់ក្រមព្រហ្មទណ្ឌ បទបរិហារកេរ្តិ៍ត្រូវតែមានអ្នកប្ដឹង ហើយអត់មានអ្នកប្ដឹង សំណុំរឿងត្រូវបានបញ្ចប់ ហើយព្រះរាជអាជ្ញាមិនអាចចាប់យកបទព្រហ្មទណ្ឌនេះមកធ្វើដោយឯកឯងបានឡើយ ហើយនីតិវិធីនេះក៏អាចជួយកិច្ចការអ្នកសារព័ត៌មានបានច្រើនដែរ ក្នុងករណីដែលមានការជ្រុលជ្រួស៕