កែវ ចាន់និមល ពោលពាក្យទាំំងនេះទៅកាន់ ពេជ្រ ថៃ ក្រោយរងការចំអកពីមហាជនមិនដាច់ពីកម្ពស់
ប្រិយមិត្តបានដឹងហើយថា ម្ចាស់ពាន The Voice Kid’s Cambodia រដូវកាលទី ១ ពេជ្រ ថៃ ពេលនេះបានធំពេញវ័យ ដោយបច្ចុប្បន្នរូបគេអាយុប្រមាណ ១៩ ឆ្នាំហើយ ព្រោះកាលកន្លងទៅតារាចម្រៀងរូបនេះបានប្រឡងបញ្ចប់ថ្នាក់ទី ១២ រួចរាល់ផងដែរ។
សម្រាប់តារាចម្រៀង ពេជ្រ ថៃ កន្លងមកតែងទទួលបានការរិះគន់មិនដាច់ពីកម្ពស់ ដោយមានមហាជនមួយចំនួនតែងតែបង្អាប់ និង និយាយថាជាមនុស្សក្រិនមិនធំធាត់ជាដើម។ ជាមួយនឹងពាក្យរិះគន់ទាំងនេះ មិនមែនលើកឡើងលើកដំបូងឡើយសម្រាប់អ្នកកំលោះ ពេជ្រ ថៃ គឺរាល់ការបង្ហោះរូបរបស់គេតែងមានពាក្យទាំងនោះលេចឡើងមកជាហូរហែ។
យ៉ាងណាមិញ ងាកទៅមើលអ្នកនាង កែវ ចាន់និមល ដែលជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាសបានចេញមកបង្ហាញអារម្មណ៍លើកទឹកចិត្តទៅកាន់តារាចម្រៀង ពេជ្រ ថៃ ដែលរងការសើចចំអកពីអ្នកលេងបណ្ដាញសង្គមមួយចំនួននៅថ្ងៃទិវានៃក្តីស្រឡាញ់ ដើម្បីឱ្យមហាជនមួយចំនួនបានយល់ និង បញ្ឈប់ការសើចចំអកបន្តទៀត។
តាមរយៈការបង្ហោះរបស់ពិធីការិនីរូបនេះបានសរសេរថា ៖ «ថ្ងៃនេះជាថ្ងៃនៃក្តីស្រឡាញ់ ខ្ញុំសុំចែករំលែកក្តីស្រលាញ់មួយនេះទៅកាន់ក្មេងប្រុសម្នាក់ដែលតែងតែញញឹម ព្យាយាមឱ្យគេសប្បាយទាំងដែលខ្លួនឯងកំពុងមានទុក្ខរឹងមាំហើយបន្តដំណើរជីវិតដោយភាពរីករាយណាកូន»៕