Mark Zuckerberg បែរមុខសុំទោសដល់គ្រួសារក្មេងៗរងគ្រោះ ដែលរងការប៉ះពាល់ដោយបណ្ដាញសង្គមលោក
តាមការចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញថា ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg បានក្រោកឈរបែរខ្លួនទៅសុំទោសក្រុមគ្រួសារ ដែលអះអាងថាកូនៗរបស់ពួកគេត្រូវបានរងគ្រោះដោយបណ្ដាញសង្គមរបស់លោក អំឡុងពេលធ្វើសវនាការយ៉ាងក្ដៅគគុកមួយនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក។
តាមព័ត៌មានដដែលបានឱ្យដឹងថា លោក Mark Zuckerberg រួមទាំងថៅកែក្រុមហ៊ុនបណ្ដាញសង្គមល្បីៗមួយចំនួនទៀតដូចជា TikTok, Snap, X និង Discord ត្រូវបានសមាជិកព្រឹទ្ធសភាពីភាគីទាំងសងខាងដេញដោលសួរនាំរយៈពេលជិត ៤ ម៉ោង ដោយពួកគេចង់ដឹងថា ក្រុមហ៊ុនទាំងប៉ុន្មាននេះបានធ្វើអ្វីខ្លះក្នុងការការពារកុមារតាមបណ្ដាញសង្គមអនឡាញ។
ក្នុងនោះដែរ លោក Mark Zuckerberg និង ស្ថាបនិកក្រុមហ៊ុន TikTok លោក Shou Zi Chew បានស្ម័គ្រព្រមផ្ដល់នូវសក្ខីកម្ម ប៉ុន្តែចំពោះថៅកែក្រុមហ៊ុន Snap, X និង Discord បានធ្វើការបដិសេធមិនព្រមឆ្លើយនោះឡើយ។ ក្នុងសវនាការនោះដែរ នៅខាងក្រោយថៅកែក្រុមហ៊ុនបច្ចេកវិទ្យាទាំង ៥ គឺជាក្រុមគ្រួសារដែលបានអះអាងថា កូនៗរបស់ពួកគេបានធ្វើបាបខ្លួនឯង ឬ ធ្វើអត្តឃាតខ្លួនឯង ដោយសារតែរងការប៉ះពាល់ពីមាតិនៃបណ្ដាញសង្គម។
ជាមួយគ្នានោះដែរ ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg ក៏បានក្រោកឈរឡើង រួចបែរខ្លួនទៅកាន់ក្រុមគ្រួសារនៃក្មេងៗរងគ្រោះ ដោយនិយាយពាក្យសុំទោសទៅកាន់ពួកគេថា ៖ «ខ្ញុំសុំទោសចំពោះរឿងរ៉ាវគ្រប់បែបយ៉ាងដែលអ្នកទាំងអស់គ្នាបានឆ្លងកាត់ វាពិតជាពិបាកទទួលយកណាស់។ គ្មាននរណាម្នាក់ គួរតែឆ្លងកាត់រឿងរ៉ាវដែលក្រុមគ្រួសារអ្នកទាំងអស់គ្នា បានឆ្លងកាត់នេះឡើយ»។ បន្ថែមពីនេះដែរ លោក Mark ក៏បានសន្យានឹងពិនិត្យមើលលើបញ្ហានេះដោយផ្ទាល់ផងដែរ៕