ឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្តិស្ទឹងមានជ័យ៣ ម្នាក់ និងប្រជាការពារចំនួន២នាក់ ពីបទកំហែងយកប្រាក់

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ករណីយុវជន០៥នាក់ ដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ករណីនេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ១នាក់ រួមនឹងប្រជាការពារចំនួន០២នាក់ទៀត ពីបទកំហែងយកប្រាក់។

ជនសង្ស័យចំនួន០៣ រួមមាន៖

១- ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី
២- ឈ្មោះ គឹម សុខា ហៅ ហង្ស១៣
៣- អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង