សិស្សម្នាក់កាន់កាំបិតចា.-ក់មិត្តភក្តិស្លា.-ប់នៅនឹងកន្លែង ពេលកំពុងគោរពទង់ជាតិ

កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ ប្រទេសថៃបានប្រទះហេតុការណ៍គួរឱ្យរន្ធត់មួយ គឺមានសិស្សម្នាក់ បានយកកាំបិតទៅសាលារៀ​ន ហើយបានយកទៅចាក់សម្លាប់មិត្តភក្តិ ខណៈពេលគោរពទង់ជាតិ ធ្វើឱ្យមានការជ្រួលច្របល់ពេញសាសារៀន។

តាមសន្តិសុខនៅក្នុងសាលាបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ខណៈសិស្សៗបម្រុងនឹងបំបែកគ្នាទៅថ្នាក់រៀនរៀងខ្លួនៗ នៅសុខៗក៏មានក្មេងម្នាក់បានរត់មកសុំជំនួយ ដោយដៃរបស់គេបានផ្ទប់ជាប់នឹងរបួសនៅក ឯខ្លួនក៏ស្រោចទៅដោយឈាម រួចក៏ដួលដេកទៅនឹងដីតែម្តង។ សន្តិសុខបានព្យាយាមជួយ ដោយយកក្រណាត់ទៅផ្ទប់កន្លែងរបួស ហើយបានព្យាយាមហៅក្មេងកុំឱ្យបាត់សតិ។

ចំណែកឯជនបង្ក ក៏ជាសិស្សដូចគ្នា​ តែសិស្សរូបនោះ ជាសិស្សមានសតិមិនសូវល្អ មានការអភិវឌ្ឍការគិតយឺតជាងអ្នកដទៃ។ នៅពេលដែលចាក់គេហើយ សិស្សរូបនោះ ក៏បានរត់មកមើលផងដែរ ហើយក្រោយមកក៏ត្រូវគ្រូៗឃាត់ខ្លួនជាប់។

យ៉ាងណាមិញ គួរឱ្យសោកស្តាយ សិស្សដែលជាជនរងគ្រោះ ពេលនេះក៏បានបាត់បង់ជីវិតទៅហើយ។ ដោយឡែក សម្រាប់មូលហេតុនៃការហ៊ានចាក់សម្លាប់បែបនេះ មានព័ត៌មានខ្លះបានឱ្យដឹងថា ជនបង្កអាចខឹង ព្រោះតែអាចត្រូវគេលេងសើចចំអកដាក់។ ដោយឡែក ក៏មានព័ត៌មានខ្លះទៀតបានឱ្យដឹងថា ជនបង្ក និង ជនរងគ្រោះ មិនដែលស្និទ្ធស្នាលលេងសើចជាមួយគ្នាអ្វីនោះទេ។ យ៉ាងណាក៏ដោយ ករណីនេះ កំពុងតែស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង