សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ច្បាប់ពាក់ព័ន្ធសារព័ត៌មានបង្កើតឡើង ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបង្កើតច្បាប់ពាក់ព័ន្ធនឹងសារព័ត៌មាន មិនមែនដើម្បីបិទសិទ្ធិ សេរីភាពអ្នកសារព័ត៌មានទេ ផ្ទុយទៅវិញគឺដើម្បីការពារសិទ្ធិអ្នកសារព័ត៌មាន ការពារអ្នកសារព័ត៌មានដែលប្រព្រឹត្តត្រឹមត្រូវតាមច្បាប់ ការពារតម្លៃរបស់ពួកគេទៅវិញទេ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតីបានលើកទឹកចិត្តដល់ក្រសួងព័ត៌មាន សហការជាមួយក្រសួង ស្ថាប័នដទៃ រៀបចំឱ្យមានក្រមស្ដង់ដាប្រតិបត្តិក្រមសីលធម៌សារព័ត៌មានជាតិ ដែលជាធម្មនុញ្ញសារព័ត៌មានមួយសម្រាប់ អង្គភាពសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានគោរព និងអនុវត្ត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការបង្កើតច្បាប់ពាក់ព័ន្ធសារព័ត៌មាន មិនមែនដើម្បីបិទសិទ្ធិអ្នកសារព័ត៌មានទេ ផ្ទុយទៅវិញគឺដើម្បីការពារអ្នកសារព័ត៌មាន ការពារអ្នកសារព័ត៌មានដែលប្រព្រឹត្តត្រឹមត្រូវតាមច្បាប់ ការពារតម្លៃរបស់ខ្លួនទៅវិញទេ»។

សម្ដេចធិបតីបានបន្តថា តាមរយៈច្បាប់ស្ដីពីសារព័ត៌មាន ក៏នឹងធ្វើឱ្យប្រជាពលរដ្ឋក៏នឹងយល់កាន់តែច្បាស់ចំពោះសិទ្ធិអនុវត្តការងាររបស់អ្នកសារព័ត៌មាន ហើយអ្នកព័ត៌មានក៏នឹងពីតួនាទីរបស់ខ្លួនផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនយកអ្នកសារព័ត៌មានធ្វើជាសត្រូវទេ តែគឺជាដៃគូដ៏ចាំបាច់របស់រាជរដ្ឋាភិបាល។ នៅប្រទេសប្រជាធិបតេយ្យ ដូចជាប្រទេសកម្ពុជានេះ គឺត្រូវតែមានច្បាប់អនុវត្តឱ្យ បានត្រឹមត្រូវដូច្នេះហើយ ដើម្បីជៀសវាងការប្រព្រឹត្តអនុវត្តការងារប៉ះពាល់លើសិទ្ធិរបស់អ្នកដទៃ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា បច្ចុប្បន្ន កម្ពុជាមានសារព័ត៌មានជាង២ពាន់អង្គភាព និងអ្នកសារព័ត៌មានប្រមាណ ១ម៉ឺននាក់ ប៉ុន្តែអ្នកស្នើសុំកាត មានតែប្រមាណ ៤ពាន់នាក់ប៉ុណ្ណោះ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ ស្ថាប័នព័ត៌មានទាំងបុរាណ និងទំនើប ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានជាង ២ពាន់អង្គភាព រួមមាន គេហទំព័រ និងទូរទស្សន៍អនឡាញ ៩៣៨អង្គភាព កាសែតចំនួន ៤៤៧អង្គភាព សមាគមសារព័ត៌មាន ៥២អង្គភាព ទស្សនាវដ្តី ១៩៤អង្គភាព ព្រឹត្តិបត្រ ២១អង្គភាព រោងពុម្ភ ១១៣អង្គភាព សៀវភៅចំនួន ២២អង្គភាព ទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យតំណាង ២៧អង្គភាព ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ២អង្គភាព ស្ថានីយវិទ្យុ FM រាជធានីភ្នំពេញ និងខេត្ត ២៨៣អង្គភាព និងវិទ្យុ AM ភ្នំពេញ ចំនួន១ ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ស្ថានីយ៍ និងផ្សាយបន្ត ១៦៥ស្ថានីយ៍។ ស្ថានីយ៍ទូរទស្សន៍ឌីជីថល ១២ស្ថានីយ៍ និងទូរទស្សន៍អនឡាញ ១០ស្ថានីយ៍ ទូរទស្សន៍ខ្សែកាប រាជធានីភ្នំពេញ និងតាមខេត្ត ចំនួន ៤៤ស្ថានីយ៍ និងទូរទស្សន៍អាណាឡូក ១៤៤ស្ថានីយ៍ ប្រព័ន្ធ OOT ៨ស្ថានីយ៍ និងប្រព័ន្ធផ្កាយរណប ចំនួន ២។ នៅកម្ពុជា មានអ្នកសារព័ត៌មានប្រមាណ ១ម៉ឺននាក់ ដែលក្នុងនោះ ក្នុងនោះមានអ្នកស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន មានចំនួនជិត ៤ពាន់នាក់»៕

អត្ថបទដែលជាប់ទាក់ទង