មួយខែក្នុងឆ្នាំ ២០២៤ មិនទាន់រំលងផុតផង នៅចិនជួបគ្រោះបាក់ដី មនុស្សជិត ៥០ នាក់ មកពី ១៨ គ្រួសារបានបាត់ខ្លួន

សារព័ត៌មាន Reuters បានចុះផ្សាយថា នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ នេះ ប្រទេសចិន បានជួបហេតុការណ៍បាក់ដីមួយនៅក្នុងខេត្តយូណាន ដែលបានបណ្ដាលឱ្យមនុស្ស ២ នាក់បាត់បង់ជីវិត ខណៈដែលមនុស្សជិត ៥០ នាក់ដទៃទៀតកំពុងបាត់ខ្លួន។

យោងតាមការចុះផ្សាយបានឱ្យដឹងថា ការបាត់ខ្លួនមនុស្សជាច្រើននេះបណ្ដាលមកពីប្រតិបត្តិការជួយសង្គ្រោះជួបបញ្ហាព្រិលធ្លាក់ខ្លាំង ហើយទូរទស្សន៍កណ្តាលចិន (CCTV) ក៏បានរាយការណ៍ដែរថា យ៉ាងហោចណាស់មានមនុស្ស ៤៧ នាក់មកពី ១៨ គ្រួសារបានបាត់ខ្លួន ដោយការបាក់ដីនេះបានវាយប្រហារភូមិចំនួនពីរនៅភាគនិរតីនៃទីក្រុង Zhaotong នៅម៉ោងប្រមាណជា ៥:៥១ ព្រឹក (ម៉ោងក្នុងប្រទេសចិន)។

ជាមួយគ្នានេះដែរ ប្រភពដដែលបានឱ្យដឹងទៀតថា អ្នកពន្លត់អគ្គីភ័យកំពុងឡើងតាមគំនរបាក់បែក ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតក្នុងព្រិលធ្លាក់ស្រាលៗ ប៉ុន្តែគេនៅតែមិនទាន់សន្និដ្ឋានបានទេថា ការបាក់ដីនេះបណ្ដាលមកពីអ្វីទេ ខណៈដែលរបាយការណ៍បានបង្ហាញថា ប្រទេសចិន បានបញ្ជូនបុគ្គលិកសង្គ្រោះជិត ១ ០០០ នាក់ទៅកាន់កន្លែងកើតហេតុ រួមជាមួយនឹងរថយន្តសង្គ្រោះជិត ២០០ គ្រឿង ដើម្បីដឹកនាំការជួយសង្រ្គោះ។

គួរឱ្យដឹងដែរថា យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិ មនុស្សជាង ៥០០ នាក់នៅក្នុងតំបន់នោះត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ដោយសារខេត្តយូណាន គឺជាខេត្តមួយក្នុងចំនោមខេត្តមួយចំនួននៅក្នុងតំបន់ភាគខាងត្បូងរបស់ប្រទេស ដែលបច្ចុប្បន្នកំពុងមានសីតុណ្ហភាពត្រជាក់ខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង