ផ្ទុះការគាំទ្រពីមហាជន! ព្រឹទ្ធាចារ្យ និង តារាចម្រៀងរៀមច្បង ៣ រូប ចូលរួមច្រៀងរួមគ្នានឹងតារាចម្រៀងរ៉េបសម័យថ្មី
មហាជនបានស្គាល់មកហើយពីកិត្តិនាម និង ភាពល្បីល្បាញរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ព្រមជាមួយកំពូលតារាចម្រៀងរៀមច្បងចាស់វស្សា ២ រូបទៀត គឺលោក ហួរ ឡាវី និង អ្នកនាង ម៉េង កែវពេជ្ជតា។ មន្តស្នេហ៍ទឹកដមសំនៀងរបស់លោកទាំង ៣ រូបនេះ តែតែងបានអង្រួនចិត្ត និង បំពេអារម្មណ៍មហាជនខ្មែរមិនតិចឆ្នាំនោះឡើយ។ យ៉ាងណាមិញ ឆ្លងតាមបទពិសោធរាប់ឆ្នាំលើវិថីសិល្បៈចម្រៀង កន្លងទៅថ្មីៗនេះ លោកទាំង ៣ ត្រូវបានសិល្បករជំនាន់ក្រោយអញ្ជើញច្រៀងជាកិត្តិយសក្នុងបទចម្រៀងនិពន្ធថ្មីរបស់ខ្លួនដែលជាប្រភេទបទរ៉េប យ៉ាងប្លែកអារម្មណ៍មហាជន តាមរយៈនេះត្រូវបានគេចាត់ទុកជាការផ្តល់តម្លៃ ក្តីគោរព និង លើកតម្កើងមួយផ្នែកផងដែរដល់លោកទាំង ៣។
១. ព្រឹទ្ធាចារ្យ គង់ ណៃ និង តារាចម្រៀងរ៉េប វណ្ណដា
ប្រិយមិត្តច្បាស់ជាមានអារម្មណ៍ថាប្លែក និង ភ្ញាក់ផ្អើលនៅពេលបានឃើញវត្តមានព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ចូលរួមបកស្រាយចម្រៀងជាមួយតារាចម្រៀងរ៉េបល្បី គឺលោក វណ្ណដា ក្នុងបទចម្រៀង «Time To Rise» ដែលចម្រៀងមួយបទនេះ បានធ្វើឱ្យបរទេសស្គាល់ពីវិស័យចម្រៀងរ៉េបនៅក្នុងប្រទេសកម្ពុជាកាន់តែខ្លាំង។ ក្នុងនោះដែរ សំនៀងដ៏ពីរោះរបស់លោកតា គង់ ណៃ ជាមួយចាប៉ីដងវែង ក៏បានធ្វើឱ្យបទចម្រៀងនេះមានភាពទាក់ទាញ និង ប្លែកមួយបែប ដែលអ្នកគាំទ្រមិនធ្លាប់បានឮពីមុន បូករួមជាមួយការច្រៀងរ៉េបរបស់លោក វណ្ណដា ទៀតនោះ រឹតតែធ្វើឱ្យចម្រៀងមួយបទនេះទទួលបានការគាំទ្រ និង ចាប់អារម្មណ៍យ៉ាងខ្លាំង។
២. រាជិនីសំឡេង ម៉េង កែវពេជ្ជតា និង តារាចម្រៀងរ៉េប សាំង សុខសេរី និង លោក កាន់ ពេជ្រ
សម្រាប់អ្នកនាង ម៉េង កែវពេជ្ជតា គឺជាតារាចម្រៀងមួយរូប ដែលមានទឹកដមសំឡេងផ្អែមពីរោះ រណ្ដំបេះដូងអ្នកគាំទ្រ ប៉ុន្តែថ្មីៗកន្លងទៅនេះ អ្នកនាងបានធ្វើឱ្យមហាជនប្លែកអារម្មណ៍មួយបែបទៀត ដោយអ្នកនាងបានសហការច្រៀងចម្រៀងមួយបទជាមួយកញ្ញា សាំង សុខសេរី និង លោក កាន់ ពេជ្រ ក្នុងបទ «បណ្ដាំ» ដែលនេះជាលើកដំបូងរបស់មហាជានបានឮនូវទឹកដមសំឡេងរ៉េបរបស់រាជិនីសំឡេងអ្នកនាង ម៉េង កែវពេជ្ជតា។ ក្នុងបទចម្រៀងមួយបទនេះដែរ មានអត្ថន័យរៀបរាប់អំពីជីវិតកូនស្រីត្រូវចេះតស៊ូ និង ខំប្រឹងដើរទៅមុខ ហើយបទនេះក៏ទទួលបានការគាំទ្រមិនធម្មតាដែរ។
៣. រៀមច្បង ហួរ ឡាវី និង តារាចម្រៀងរ៉េប ជី ដេវីដ
ធ្លាប់តែបានឃើញតារាចម្រៀងរៀមច្បង លោក ហួរ ឡាវី បកស្រាយចម្រៀងដោយឡែកជាមួយសំឡេងស្អកយ៉ាងពីរោះ ប៉ុន្តែថ្មីៗកន្លងទៅនោះរៀមច្បងរូបនេះ បានចូលរួមសហការបកស្រាយចម្រៀងមួយបទជាមួយតារាចម្រៀងរ៉េបលោក ជី ដេវីដ ក្នុងបទ «ឱ!សង្សារបងហ្អើយ» ជាស្នាដៃនិពន្ធលោក ជី ដេវីដ។ បន្ទាប់ពីចេញបទចម្រៀងនេះ ឃើញមានការទទួលបានការគាំទ្រជាខ្លាំង ហើយក្នុងនោះដែរ លោក ហួរ ឡាវី ពិតជាមិនធម្មតាទេ ព្រោះថាលោកបានធ្វើឱ្យចម្រៀងមួយនេះមានភាពលេចធ្លោខ្លាំងជាមួយនឹងតារាចម្រៀងរ៉េប ជី ដេវីដ៕