ចែកគ្នាដឹង! ទាំងនេះគឺជាចំណុចគួរ និង មិនគួរធ្វើ ដើម្បីការពារកុំឱ្យមានការលួចព័ត៌មានផ្ទាល់ខ្លួនតាមរយៈសារ

ថ្មីកន្លងទៅនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះសារជាព័ត៌មានរំឭកឡើងវិញដល់សាធារណៈជនទាំងអស់ឱ្យបានដឹងពីរឿងដែលគួរធ្វើ និង រឿងដែលមិនគួរធ្វើ ដើម្បីបញ្ចៀសបញ្ហាការឆបោកតាមរយៈសារ ឬ SMS Phishing ។

យោងតាមការបង្ហោះរបស់នាយកដ្ឋាន បានឱ្យដឹងថា ការឆបោកតាមរយៈសារ ឬ SMS Phishing គឺជាទម្រង់បោកប្រាស់ ដែលជនខិលខូចបន្លំខ្លួនជា ស្ថាប័នណាមួយ បញ្ឆោតឱ្យចុចតំណភ្ជាប់ណាមួយ ក្នុងគោលបំណងលួចយកព័ត៌មានរបស់អ្នកប្រើប្រាស់ នាំឱ្យបាត់បង់ផលប្រយោជន៍ណាមួយ ដូចនេះដើម្បីសុវត្ថិភាព នាយកដ្ឋានបានណែនាំឱ្យសាធារណៈជនទាំងអស់មេត្តាកុំចុចលើតំណភ្ជាប់ណាមួយ ដែលមិនមានប្រភពច្បាស់លាស់ ហើយតម្រូវឱ្យយើងបំពេញព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ។

ជាមួយគ្នានេះដែរ នាយកដ្ឋានក៏បានបង្ហាញពីចំណុចខ្លះៗ ដែលគួរឱ្យកត់សម្គាល់ពីការឆបោកមានដូចជា ៖ ផ្ញើសារក្លែងបន្លំ ធ្វើជាធនាគារ ឬតេឡេក្រាម, ផ្ញើសារមានខ្លឹមសារបំភិតបំភ័យ ឬហេតុការណ៍បន្ទាន់, ផ្ញើតំណភ្ជាប់ ដែលមិនមែនជាតំណភ្ជាប់ពិតជាដើម។

ទន្ទឹមនឹងនេះ នាយកដ្ឋានក៏បានឱ្យដឹងដែរថា សាធារណៈជនទាំងអស់មិនគួរធ្វើ ចុចលើតំណភ្ជាប់ ដែលគ្មានប្រភពច្បាស់លាស់ ឬ មានទម្រង់មិនប្រក្រតី ដែលអាចមានភ្ជាប់មកជាមួយនូវមេរោគ និង មិនត្រូវបំពេញព័ត៌មានសម្ងាត់ ឬ ព័ត៌មានផ្ទាល់ខ្លួន ដែលអាចនាំឱ្យបាត់បង់សិទ្ធិគ្រប់គ្រងគណនី ឈានដល់ការខាតបង់ផលប្រយោជន៍ណាមួយឡើយ។

ដោយឡែក ចំពោះអ្វី ដែលសាធារណៈជនទាំងអស់ត្រូវធ្វើនោះគឺ ផ្ទៀងផ្ទាត់មើលប្រភពអ្នកផ្ញើសារឱ្យបានច្បាស់លាស់មុននឹងឆ្លើយតប ឬរាយការណ៍ និង ជូនដំណឹងទៅកាន់សមត្ថកិច្ច ព្រមទាំងស្ថាប័នពាក់ព័ន្ធ ហើយបន្តចែករំលែកព័ត៌មានពីការការពារការឆបោកទៅកាន់មនុស្សជុំវិញខ្លួន ដើម្បីបង្កើនការយល់ដឹង ជៀសវាងការកើតមានការឆបោក៕

ប្រភព និង រូបភាព ៖ នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង