រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនមួយ សិក្សាគម្រោងវិនិយោគព្រលានយន្តហោះ និងទីក្រុងរណបនៅខេត្តមណ្ឌលគិរី
(ភ្នំពេញ)៖ នេះបើយោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្រ្តី ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។ រាជរដ្ឋាភិបាល បានសម្រេចផ្តល់សិទ្ធិឱ្យសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស សិក្សានិងវិនិយោគលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) និងការអភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាស នៅខេត្តមណ្ឌលគិរី។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យរដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍគម្រោងខាងលើនេះស្របតាមច្បាប់ និងនិតិវិធីជាធរមាននៃកម្ពុជា។
លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះថា ក្រុមហ៊ុន ហ្វូខឺស គ្រុប ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រឯ.ក គឺជាក្រុមហ៊ុន ដែលមានចូលរួមពីវិនិយោគមកពីម៉ាឡេស៊ី ចិន និងអារ៉ាប់។
លោកបញ្ជាក់ថា ការឈានទៅដល់ការដាក់ទុនវិនិយោគ លើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងការអភិវឌ្ឍទីក្រុងរណបពហុបំណង នៅខេត្តមណ្ឌលគិរី គឺអាស្រ័យទៅលើការសិក្សា ប្រសិនបើក្រុមហ៊ុននេះ សិក្សារកឃើញថាដំណើរការល្អ នោះនឹងឈានទៅដល់ការវិនិយោគ។
សូមជម្រាបថា រាជរដ្ឋាភិបាលធ្លាប់បានអនុញ្ញាតឱ្យក្រុមហ៊ុនចិន China Power ធ្វើការសិក្សាលើគម្រោងវិនិយោគអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរីនេះ។ ព្រលានយន្ដហោះខេត្តមណ្ឌលគីរី គ្រោងសាងសង់លើផ្ទៃដី៣០០ហិកតា មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ដែលតាមការប៉ាន់ស្មានអាចនឹងចំណាយថវិកាវិនិយោគប្រមាណជាង៨០លានដុល្លារ។
ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចសកល ធ្វើឱ្យក្រុមហ៊ុន China Power ធ្វើឱ្យគម្រោងនេះត្រូវបានជាប់គាំងមិនដំណើរការ។ ទើបតែពេលនេះ រាជរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុនថ្មី សិក្សាពីគម្រោងវិនិយោគព្រលានយន្តហោះមណ្ឌលគិរីនេះ៕