ថែសុខភាពផង! ខែឧសភា ខាងមុខ សីតុណ្ហភាពខ្ពស់បំផុតអាចឡើងដល់ ៤១ °C

នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែមមួយ ស្តីពីអាកាសធាតុបន្ដរដូវប្រាំងដល់ដើមខែឧសភា ឆ្នាំ ២០២៤ ។

យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ក្រោយពីបានធ្វើការតាមដាន និង ព្យាករណ៍ស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និង ឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុបន្តនៅក្នុងរដូវប្រាំងដូចខាងក្រោម ៖

១. សីតុណ្ហភាពនៅក្នុងរដូវប្រាំង មានការប្រែប្រួលខ្លាំង ជាមួយនឹងសីតុណ្ហភាពក្តៅកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និង ក្តៅជាងឆ្នាំ ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧ °C និង សីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១ °C នៅក្នុងខែមេសា និង ដើមខែឧសភា។

២. ភ្លៀងកក់ខែអាចមានតិចតួច ជាមួយគ្នានឹងរបបខ្យល់មូសុងនិរតីខ្សោយ ធ្វើឱ្យរដូវវស្សាចាប់ផ្តើមយឺត (យឺតជាងឆ្នាំ២០២៣) រីឯបាតុភូតផ្គររន្ទះ និង ខ្យល់កន្ត្រាក់កើតច្រើននៅក្នុងខែមេសា និង ខែឧសភា ឆ្នាំ ២០២៤ ។

អាស្រ័យហេតុនេះ ក្រសួងធនធានទឹក និង ឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង សាធារណៈជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។

ជាមួយគ្នានោះដែរ សូមយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និង ខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើន៕

អត្ថបទដែលជាប់ទាក់ទង