រដ្ឋាភិបាល សម្រេចមិនយកថ្លៃចំណតព្រលានយន្តហោះសៀមរាប សម្រាប់រយៈពេលក្រោម ១៥ នាទី
កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ទីស្ដីការគណៈរដ្ឋមន្រ្តី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីដំណោះស្រាយលើបញ្ហាតម្លៃសេវាការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និង តម្លៃចំណតយានយន្ត។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ក្រោយពីបានចុះពិនិត្យស្ថានភាពនៅទីតាំងជាក់ស្ដែង និង ប្រជុំជាមួយក្រុមហ៊ុនវិនិយោគ ដែលបានបណ្ដាក់ទុនវិនិយោគប្រភេទ BOT ទាំងអាកាសយានដ្ឋាន និង ផ្លូវ ក្រុមការងារចំពោះកិច្ចបានធ្វើការពិភាក្សាចរចារបន្ថែម ហើយទទួលបានលទ្ធផល ៖
១. ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណត សម្រាប់ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ក្រោមរយៈពេល ១៥ នាទី សម្រាប់រថយន្តធុនតូចមិនលើស ៧ កៅអី និង រយៈពេល ៣០ នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។
២. ក្រុមហ៊ុនបានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវ សម្រាប់គ្រប់ប្រភេទយានយន្ត ដែលមានព័ត៌មានលម្អិតដូចមានគោរពជូនភ្ជាប់ក្នុងតារាងខាងក្រោមនេះ សម្រាប់រយៈពេល ២ ឆ្នាំ (ឆ្នាំ ២០២៤ និង ឆ្នាំ ២០២៥)។ ចំពោះតម្លៃថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះតទៅ។
៣. អង្គប្រជុំក៏បានឯកភាពគ្នាបង្កើតគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងសាធារណការ និង ដឹកជញ្ជូណ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង អាជ្ញាធរដែនដី ដើម្បីគ្រប់គ្រងលើផ្លូវនេះទាក់ទងនឹងការជួសជុលថែទាំផ្លូវ និង សុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវនេះ៕