អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ឆ្លើយតបចំពោះការរិះគន់រឿងបម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយឆ្លើយតបទៅនឹងការរិះគន់ នៅតាមបណ្ដាញសង្គម ពាក់ព័ន្ធការបម្រើសេវានៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី។

ពាក់ព័ន្ធទៅនឹងការចុះផ្សាយនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យឃើញថា ការបញ្ចេញមតិដែលបានចុះផ្សព្វផ្សាយនេះ មិនមានប្រភពព័ត៌មានច្បាស់លាស់ ហើយកាលបរិច្ឆេទនៃការត្រូវបានបញ្ចេញមតិទាំងនេះភាគច្រើនបានផុសមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប
បើកដំណើរការជាផ្លូវការទៅទៀត។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំប្រឹងប្រែងក្នុងការជំរុញការអនុវត្តច្បាប់ ស្ដីពីអន្តោប្រវេសន៍ យ៉ាងម៉ឺងម៉ាត់បំផុត និងបានធ្វើការក្រើនរំលឹកជាញឹកញាប់ដល់មន្ត្រីក្រោមឱវាទនៅក្នុងកិច្ចប្រជុំនានា ជាពិសេសលើការគ្រប់គ្រងដំណើរចេញ-ចូលតាមច្រកទ្វារអន្តរជាតិ ដែលស្ថិតក្រោមសមត្ថកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានណែនាំឲ្យដាក់ផ្លាកជាចំហអំពីតម្លៃទិដ្ឋាការ នៅមុខទីតាំង ផ្តល់ទិដ្ឋាការនៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា ដោយមានសរសេរជាភាសាអង់គ្លេស ដាក់នៅចំពីមុខបញ្ជរ ស្នើសុំទិដ្ឋាការ ជូនអ្នកដំណើរ និងភ្ញៀវបរទេសឲ្យបានឃើញច្បាស់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមថ្លែងអំណរគុណដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទទុកជាមុន ចំពោះការចូលរួមផ្ដល់ព័ត៌មានសំដៅរួមចំណែកជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងន័យស្ថាបនា ដើម្បីកែលម្អចំណុចខ្វះខាត និងលើកកំពស់ កិត្យានុភាពជាតិ តាមរយៈការចូលរួមផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈវិជ្ជមានពីកម្ពុជា ចៀសវាងផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន និងមិនពិត ដែលបន្តឲ្យមានការភ័ន្តច្រឡំដល់សាធារណជន និងភ្ញៀវបរទេសនានា៕

អត្ថបទដែលជាប់ទាក់ទង