ក្នុងឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ទទួលបានអ្នកដំណើរសរុបប្រមាណជាង ៥០ម៉ឺននាក់
សៀមរាប៖ សម្រាប់ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ទទួលបានអ្នកដំណើរសរុបចំនួន ៥៤២ ៤៥៦នាក់ កើនឡើងជិត ៣៨ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួនសរុបត្រឹមតែ ១៦៥ ១៨០នាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ ក្រុមហ៊ុន Cambodia Airport និង YAG (Yunnan Airport Group Co., Ltd.)។
របាយការណ៍ដដែលនេះ បានបង្ហាញផងដែរ នៅឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិ ក្នុងខេត្តសៀមរាបទាំង២ មានយន្តហោះធ្វើចរាចរណ៍(ទៅ និងមក)សរុប ១២ ៥៩៤ជើង។ ដោយឡែក បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ បង្ហាញថា ក្នុងឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានពីការលក់សំបុត្រ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ សរុបចំនួនជាង ៣៧លានដុល្លារអាមេរិក។
គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចាប់បើកដំណើរការដំបូងក្នុងឆ្នាំ១៩៣២ ក្នុងសម័យអណានិគមបារំាង និងបានកែលម្អស្ថានភាពសំណង់ក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៥៥ ហើយនៅឆ្នាំ១៩៧០ អាកាសយានដ្ឋានបានបិទទ្វារដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា។ លុះឆ្នាំ២០០៦ អាកាសយានដ្ឋាននេះ បានបើកដំណើរការទ្បើងវិញសារជាថ្មី។
ប៉ុន្តែ ដោយសារអាកាសយានដ្ឋានអន្ដរជាតិសៀមរាបនេះ មានទំហំតូច និងជិតប្រាសាទបុរាណ នៃតំបន់រមណីយដ្ឋានអង្គរ ដែលមិនអាចអនុញ្ញាតឱ្យចុះចតយន្ដហោះខ្នាតធំបាន ទើបរាជរដ្ឋាភិបាលបានសម្រេចឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាប បិទដំណើរការទាំងស្រុងនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ និងជំនួសមកវិញ ដោយអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ កម្រិត 4E សាងសង់លើផ្ទៃដី៧០០ហិកតា ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ជាសមិទ្ធផលដ៏ធំបំផុត មិនធ្លាប់មាននៅកម្ពុជាគិតត្រឹមឆ្នាំ២០២៣៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប