រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ ដើម្បីរៀបចំមីទ្ទិញអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៦៖៣០នាទី នឹងមានការរៀបចំប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ក្នុងថ្ងៃពិធីនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងតំបន់ជុំវិញអាចមាន ចរាចរមមាញឹកខ្លាំងដោយសារមធ្យោយបាយធ្វើដំណើររបស់ប្រជាពលរដ្ឋប្រមាណជាង ២០,០០០នាក់ ដែលអញ្ជើញចូលរួម។ ដូច្នេះដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវការ កកស្ទះចរាចរ កម្លាំងមានសមត្ថកិច្ចនឹងធ្វើការបង្វែរទិសចរាចរ នៅតាមគោលដៅសំខាន់ៗមួយចំនួនជុំវិញ ទីតាំងប្រារព្ធពិធី។

ដោយឡែក ចំពោះការផ្តល់សេវាចម្លងនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ត្រូវបានប្តូរជាបណ្តោះអាសន្នទៅកំពង់ចម្លងជ្រោយចង្វារ-អរិយក្សត្រ នៅវេលាព្រឹកនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ចាប់ពី វេលាម៉ោង០៥៖០០នាទី រហូតដល់ចប់កម្មវិធីប្រហែលវេលាម៉ោង ១០៖០០នាទី។ ក្រោយចប់កម្មវិធីខាងលើ ការផ្តល់សេវាចម្លងនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ត្រូវបានដំណើរការដូចប្រក្រតីឡើងវិញ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ ចំពោះការបញ្ចៀសចរាចរ ការរំខានដោយការកកស្ទះចរាចរជាយថាហេតុ និងការប្តូរទីតាំងផ្តល់សេវាចម្លងនៅ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ តាមកាលបរិច្ឆេទខាងលើ៕

អត្ថបទដែលជាប់ទាក់ទង