តារាសម្តែងអ្នកនាង អេង វ៉ាណង បានសម្រេចវិលរកការសម្តែងជាថ្មីឡើងវិញហើយ បន្ទាប់ពីអ្នកនាងបានតស៊ូនូវការសម្រាកព្យាបាលជំងឺមហារីក អស់ជាច្រើនខែ
ភ្នំពេញ ៖ តារាសម្តែងស្រីរូបនេះ បានប្រកាសថា «ចាប់ពីពេលនេះតទៅ នាងនឹងទទួលយកការថតជាថ្មីឡើងវិញហើយ និងស្នើសុំមហាជនជួយគាំទ្រ និងលើកទឹកចិត្តរូបនាង ដើម្បីតស៊ូទៅមុខទៀត ក្រោយពេលដែលនាងធ្លាប់បា.ក់ទឹកចិត្តយ៉ាងខ្លាំង បន្ទាប់ពីដឹងថា ខ្លួនមានជំងឺមហារីកនេះ»។
អ្នកនាង អេង វ៉ាណង បានប្រកាសតាមរយៈបណ្តាញសង្គមថា «ថ្ងៃនេះ នាងខ្ញុំមកថតរឿងភាគថ្មីដែលនឹងដាក់បញ្ចាំងនៅ PNN TV ឆាប់ៗនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ នាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូន លោកតា លោកយាយ មិត្តភក្តិទាំងអស់ ដែលបានលើកទឹកចិត្ត និងបានជួយនាងខ្ញុំកន្លងមក ។ ឥឡូវនេះ ការព្យាបាលក៏បានបញ្ចប់ដែរ ពេលនេះខ្ញុំទទួលថតបានធម្មតាវិញហើយ សូមជួយគាំទ្រ និងផ្តល់កម្លាំងចិត្តបន្តទៀត ដើម្បីអោយនាងខ្ញុំមានកម្លាំងចិត្តតស៊ូទៅមុខទៀត»។
ក្រោយឃើញការប្រកាសខាងលើពីអ្នកនាង អេង វ៉ាណង នាពេលនេះ មហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងការរីករាយ ក្នុងពេលដែលគេបានលឺដំណឹងពីស្ថានភាពជំងឺរបស់នាងបានវិវដ្ដមករកភាពល្អប្រសើរ និងអាចមានឱកាសចូលរួមសម្តែងជាថ្មីនាពេលនេះ ។
អ្នកនាងបញ្ជាក់ថា «សភាពជំងឺរបស់អ្នកនាង ត្រូវការចាំបាច់ប្រមាណ២ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការចាក់សារធាតុគីមី ដោយសារតែបែបនេះហើយ ទើបអ្នកនាងដាច់ចិត្តទម្លាយការពិត ហើយស្នើសុំជំនួយពីសប្បុរសជន ដើម្បីបន្តជីវិតបានរស់នៅបីបាច់ថែរក្សាកូនចំនួន៣នាក់ និងម្តាយចាស់ម្នាក់ទៀតផង»៕