ច្រាំងស្ទឹងសង្កែបានបាក់ស្រុតចំនួន ០៣កន្លែង នៅក្នុងភូមិសាស្ត្រឃុំឈើទាល ស្រុកបាណន់ ក្រោយជំនន់ទឹកស្ទឹងបានស្រកចុះកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ
ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី០៥ តុលា ឆ្នំា២០២៣នេះ តែពុំទាន់មានវិធានការទប់ស្កាត់បែបណាទេ ខណៈដែលស្ថានភាពជំនន់ទឹកស្ទឹងនៅតែឡើងចុះមិនទៀងទាត់ ។
លោក ស្រេង សុខា បានប្រាប់នៅថ្ងៃទី០៦ តុលា ឆ្នំា២០២៣ថា ច្រាំងស្ទឹងសង្កែនៅក្នុងទឹកដីឃុំឈើទាលចំនួន០៣កន្លែង បានបាក់ស្រុតចុះក្រោមជាមួយនឹងទឹកជំនន់ដែលបានស្រកចុះ ។ លោកបានបញ្ជាក់ថា យើងពិនិត្យឃើញស្ថានភាពដីដែលបាក់ស្រុតនោះ បានកើតឡើងស្របពេលទឹកស្ទឹងជន់ខ្លាំង លុះពេលទឹកស្រកចុះ ស្រាប់តែស្ថានភាពដីច្រាំងស្ទឹងបានរអិលស្រុតចុះទៅតាមទឹកដែរ ដែលនាំឲ្យប៉ះពាល់ដល់ផ្លូវធ្វើដណើររបស់ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា ជំនន់ទឹកស្ទឹងសង្កែបានហក់ឡើងខ្លាំង កាលពីថ្ងៃទី២៩ កញ្ញា កន្លងទៅថ្មីៗនេះ រហូតកំពស់ដល់ទៅជាង១៤ម៉ែត្រ ដែលជាកំរិតប្រកាសអាសន្ន ។ ជំនន់ទឹកស្ទឹងនេះ បានធ្វើឲ្យប៉ះពាលលំនៅឋានប្រជាពលរដ្ឋរាប់ពាន់ខ្នងនៅតាមបណ្ដាស្រុក និងក្រុង ដែលរស់នៅតាមដងស្ទឹងសង្កែ និងខូចខាតផ្លូវកៅស៊ូ ផ្លូវដី និងផ្លូវក្រួសក្រហមរាប់ពាន់ម៉ែត្រ ។
ដោយឡែក នៅស្រុបាណន់ បើតាមសេចក្ដីរាយការណ៍បឋម គ្រោះទឹកជំនន់ដែលហូរហៀរបែកចេញពីក្នុងស្ទឹងសង្កែ បានបង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋចំនួន៥០៩ខ្នង ក្នុងនោះ ចំនួន៩១ខ្នងប៉ះពាល់ធ្ងន់ធ្ងរ ។ ប៉ះពាល់ផលដំណាំកសិកម្មផ្សេងប្រមាណ៧២ហិកតា ។ ខូចខាតផ្លូវក្រួសក្រហមប្រវែងជិត៧,០០០ម៉ែត្រ ។ ថ្នល់កៅស៊ូប្រវែង២៥០ម៉ែត្រ ។ ផ្លូវដីប្រវែង៥០០ម៉ែត្រ និងជម្លៀសសត្វពហនៈចំនួនជាង១០០ក្បាលទៅកាន់ទីទូលសុវត្ថិភាព តែពុំមានរបាយការនិយាយពីមនុស្សស្លាប់ដោយសារជំនន់ទឹកស្ទឹងនេះទេ។
ពាក់ព័ន្ធនឹងការបាក់ស្រុតច្រាំងស្ទឹងសង្កែ ចំនួន០៣កន្លែងនេះ លោក ស្រេង សុខា អភិបាលស្រុកបាណន់បានបញ្ជាក់ថា បើពិនិត្យមើលស្ថានភាពជាក់ស្ដែង ទីតាំងដែលបាក់ស្រុតនោះ មាន០២កន្លែងនៅចំណុចភូមិបត់សាលា ឃុំឈើទាល បាក់ស្រុតប្រវែងចន្លោះពី២០ទៅ២៥ម៉ែត្រ និងមួយកន្លែងទៀតនៅក្បែរវត្តឈើទាល បើតាមប្រជាពលរដ្ឋថា បាក់ខូចខាតអស់ប្រហែល៤០ម៉ែត្រ។
លោកបានបញ្ជាក់បន្ថែមថា ការបាក់ច្រាំងស្ទឹងនេះ បានធ្វើឲ្យប៉ះពាល់ផ្លូវនៅសាធារណៈ តែអ្នកដំណើរអាចធ្វើដំណើរបានត្រិមរថយន្តធុនតូច តែរថយន្តធុនធ្ងន់មិនអាចឆ្លងកាត់បានទេ ។ ចំពោះវិធានការជួសជុល ឬទប់ស្កាត់វិញ លោកអភិបាលស្រុករូបនេះបានប្រាប់ថា ពេលនេះយើងមិនអាចធ្វើអ្វីបានទេ ព្រោះជំនន់ទឹកក្នុងស្ទឹងសង្កែកំពុងឡើងចុះៗនៅឡើយ ។ លោកបន្តថា បើសិនមានភ្លៀងធ្លាក់ខ្លាំង ហើយទឹកស្ទឹងហក់ឡើងខ្លាំងដូចមុនទៀត ដីច្រាំងស្ទឹងត្រង់ចំណុចខាងលើនេះ អាចនឹងបាក់ស្រុតថែមទៀត ។ ដូច្នេះ យើងមិនអាចធ្វើអ្វីបានទេ យ៉ាងច្រើនបានត្រឹមចាក់ដីត្រង់ចំណុចបាក់ស្រុក ដើម្បីជួយសម្រូលដល់ការធ្វើដំណើរតែប៉ុណ្ណោះ។
ប៉ុន្តែបើតាមសេចក្ដីរាយការណ៍ពីមន្ត្រីមូលដ្ឋាន នៅព្រឹកថ្ងៃទី០៦ តុលា នេះ មានបងប្អូនប្រជាពលរដ្ឋបាននាំគ្នាចាក់ដីលុបច្រាំងស្ទឹងត្រង់ចំណុចក្បែរវត្តឈើទាលខ្លះៗហើយ ដើម្បីសម្រូលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ៕