ចាប់ខ្លួនប្តីប្រពន្ធអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យនៅខត្តកំពង់ស្ពឺតាមដីកាតុលាការ

មន្ត្រីប៉េអឹមខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យតេជមានជ័យ ឌីវេឡុបម៉ិនរៀលអ៊ិស្ទេត និងប្រពន្ធ តាមអំណាចដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺក្រោមបទចោទ «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន» និង បទ «សមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន»។

ជនត្រូវចោទចំនួន ២ នាក់ ប្តីប្រពន្ធ ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែធ្នូក្រោមបទចោទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន ប្រព្រឹត្តនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃ ទី ៣១ ខែ មីនា ឆ្នាំ២០២១។

កម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៣៧ ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំរបស់លោក នាង ស៊ីណៃ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ទិត តុន ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអង្គសេរី សង្កាត់សុព័រទេព ក្រុងច្បារមន ជាអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យតេជមានជ័យ ឌីវីឡុបម៊ិន រៀលអ៊ិស្ទេត ពីបទ «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន តាមមាត្រា ២៥៥ នៃច្បាប់ភូមិបាល ប្រព្រឹត្តនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ » និងបទៈ «សមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន តាមមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៥៥ នៃច្បាប់ភូមិបាល ប្រព្រឹត្តនៅភូមិ ត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១»។

ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ អ៊ឹង ណៃហួយ អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ត្រូវបានចាប់់ខ្លួនតាមដីកាលេខ ៥៣៨ របស់ចៅក្រមស៊ើបសួរ ជាប់ចោទពីបទៈ «រំលោភលើទំនុកចិត្ត តាមមាត្រា៣៨១ និងមាត្រា ៣៩៦ នៃក្រុមព្រហ្មទណ្ឌ» ប្រព្រឹត្តនៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។

បច្ចុប្បន្ន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងបំពេញនិតិវិធីនិងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង