ក្រោយផ្ទុះរឿងអាស្រូវ!លោក កឹម ជាតិត្រូវដកតំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ៖ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រោយករណីរឿងអាស្រូវ កៀបស៉ីលុយក្រុមហ៊ុនលក់ស្រា ១០ម៉ឺនដុល្លារ។ លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ត្រូវបានមេធាវីតំណាងឲ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដាក់ពាក្យបណ្ដឹងប្ដឹងបាន និងកំពុងស្ថិតក្នុងដៃរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងចាត់នីតិវិធី។ នេះបើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ​ កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោក អ៊ូច សុតត្រា មេធាវីតំណាងឲ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដែលជាក្រុមហ៊ុនផលិតស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ បានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមការងាររបស់អង្គភាពគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដឹកនាំដោយលោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ទៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ លើករណីទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរនឹងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ។

ក្នុងពាក្យបណ្ដឹង មេធាវីតំណាងឲ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ក៏បានស្នើឲ្យលោក ឯម វិចិត្រ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃជួយអន្តរាគមន៍ ដោយតម្រូវឲ្យលោក កឹម ជាតិ ​ប្រគល់ប្រាក់ចំនួន១០ម៉ឺនដុល្លារ និងស្រាចំនួន៤៨ដប ដែលបានដកហូតពីក្រុមហ៊ុនមកឲ្យកូនក្ដីរបស់ខ្លួនវិញ និងសូមឲ្យមានវិធានការផ្លូវច្បាប់ចំពោះលោក កឹម ជាតិ ដែលបានប្រព្រឹត្តកំហុសធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ។

គួររម្លឹកថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ បានចេញលិខិតបកស្រាយបំភ្លឺ និងគោរពជូនលោក មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដោយក្នុងលិខិតនោះបញ្ជាក់ថា ចំពោះខ្លឹមសារនៃពាក្យបណ្ដឹង គឺជាការចោទប្រកាន់មកលើរូបលោកដោយគ្មានភស្ដុតាងបំភ្លើសខុសពីការពិត ផ្ទុយ​ពី​និតិវីធីអនុវត្តរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចុះលេខបណ្ដឹងលើសំណុំរឿងនេះ ហើយពុំមានហត្ថលេខារបស់លោកលើឯកសារណាមួយដែលដើមបណ្ដឹងបានចោទប្រកាន់ថាលោកជាអ្នកដឹកនាំ៕

អត្ថបទដែលជាប់ទាក់ទង