រដ្ឋបាលជលផលអំពាវនាវដល់ប្រជាពលរដ្ឋកុំធ្វើនេសាទដោយប្រើឧបករណ៍ដែលនាំឲ្យរាំងស្ទះដល់ការធ្វើចរាចរត្រី ចេញពីបឹងទន្លេសាប ទៅទន្លេមេគង្គលើ ចាប់ពីខ្នើត ខែមិគសិរនេះព្រោះជារដូវត្រីបន្លាស់ទី
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលកាលពីម្សិលមិញបានជម្រាបជូនដល់សាធារណជនថា ដោយសារលក្ខណៈជីវសាស្ត្រ ប្រភេទត្រីមួយចំនួនធ្វើចរាចរយ៉ាងគំហុកចេញពីបឹងទន្លេសាប តាមដងទន្លេសាបទៅតំបន់ទន្លេ មេគង្គលើដើម្បីស្វែងរកចំណី ទីជម្រក និងបន្តពូជ ចាប់ពីខ្នើត ខែមិគសិរ ត្រូវនឹងខែធ្នូ ខណៈពេលដែលទឹកបឹងទន្លេ សាបហូរចេញក្នុងល្បឿនលឿន។យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផលស្នើដល់បងប្អូនប្រជាពលរដ្ឋ កុំធ្វើនេសាទ ដោយប្រើឧបករណ៍ដែលរាំងស្ទះដល់ការធ្វើចរាចររបស់ត្រី និងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រ សិទ្ធភាព ដើម្បីធានានិរន្តរភាពនៃធនធានជលផល។