សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបង៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៧:៥៥នាទី នៅចំណុចភូមិភ្នំសំពៅជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន។

ក្នុងប្រតិបត្តិការបង្ក្រាប លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាបបានករណី រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១.ឈ្មោះ មាន ភារម្យ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង និង២.ឈ្មោះ ដន ចាប់ថៃ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិបល័្លង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ២០៣,០៤ក្រាម ។ ទូរស័ព្ទដៃចំនួន ០២គ្រឿង ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងសមត្ថកិច្ចយើងបានបន្តកិច្ច ប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបាន ម្នាក់ទៀត ឈ្មោះ រស់ សូយទី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២៩ថង់ ទម្ងន់ ៤៩៨,០២ក្រាម ។ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង និងថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។

បច្ចុប្បន្ន ជនសង័្សយរួមនិងវត្ថុតាងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង