ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅភូមិរុនតាឯក និងពាក់ស្នែងជិត ៣ពាន់នាក់
(សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់។ ពិធីសំណេះសំណាលធ្វើឡើង នៅភូមិធម្មជាតិរុនតាឯក។
ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្ថិតស្ថិតនៅក្នុងឃុំ ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ឱកាសអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅភូមិរុនតាឯក និងពាក់ស្នែងជិត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជួបពលរដ្ឋនៅរុនតាឯកនាព្រឹកថ្ងៃនេះ ទទួលបានទាំងអារម្មណ៍រំភើប និងធ្លាក់ថ្លើម ព្រោះក្មេងហៅតា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាលជាមួយពលរដ្ឋនៅរុនតាឯក។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ពលរដ្ឋរស់នៅរុនតាឯក និងពាក់ស្នែង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានជួបពលរដ្ឋនៅរុនតាឯក និងពាក់ស្នែងរហូតដល់ទៅ៤លើក ដែលជាការបង្ហាញឱ្យនូវការគិតគូរ និងយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងមួយវិញទៀត គឺការគិតគូរពីរមណីយដ្ឋានអង្គរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាសាទអង្គរជានិមិត្តរូបរបស់កម្ពុជា និងជារតនសម្បត្តិដែលមិនអាចកាត់ថ្លៃបាននោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាសាទនៅរមណីយដ្ឋានអង្គរដែលមានផ្ទៃដី ៤០១គីឡូម៉ែត្រក្រឡា ត្រូវតែរួមគ្នាថែរក្សា ព្រោះមិនមែនខូចហើយ ធ្វើឡើងវិញបាននោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាយុពលរដ្ឋត្រឹម ១៥០ឆ្នាំ គឺរីករាយពេកហើយ តែព្រលឹងជាតិ និងប្រាសាទរបស់ខ្មែរ ត្រូវថែរក្សាឱ្យបានរាប់ពាន់ឆ្នាំទៅមុខទៀត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រមណីយដ្ឋានអង្គរនឹងត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បើរក្សាមិនបានតាមលក្ខខណ្ឌកំណត់របស់អង្គការយូណេស្កូ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា តើវាសមដែរទេ ប្រាសាទដូនតាបន្សល់ទុករាប់ពាន់ឆ្នាំហើយ បែរជាយើងខ្មែរជំនាន់ក្រោយមិនអាចរួមគ្នាថែរក្សាតម្លៃប្រាសាទដូនបាននោះ?
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រវាងប្រាសាទ និងប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលជ្រើសយកទាំងពីរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរនាយឧត្តមសេនីយ៍ ខេង សុមេធ ប្រើពេលត្រឹមជាង ៤០០ថ្ងៃ ប្រែក្លាយតំបន់រុនតាឯកពីដីទទេចេញជាហេដ្ឋារចនាសម្ព័ន្ធនានាយ៉ាងច្រើន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរសម្តេចអញ្ជើញចុះមករុនតាឯកនាពេលនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តបន្តស្មារតីអភិវឌ្ឍន៍តំបន់រុនតាឯកឱ្យកាន់តែល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលនៅរុនតាឯក ជាទិសដៅប្រែក្លាយតំបន់នេះទៅជាក្រុង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរចូលរួមសហការអនុវត្តន៍វិធានការរបស់រាជរដ្ឋាភិបាល ដើម្បីថែរក្សាការពាររមណីយដ្ឋានអង្គរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើសុំការយោគយល់ពីប្រជាពលរដ្ឋនៅរុនតាឯក ចំពោះការលំបាកកើតពីការរើសលំនៅឋាន។ សម្តេចធិបតី បានអះអាងថា នឹងបន្តប្រឹងប្រែងអភិវឌ្ឍន៍រុនតាឯកឱ្យក្លាយទៅជាកន្លែងរស់នៅមួយដ៏ល្អប្រសើរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មួយជីវិតសម្តេចតេជោ តស៊ូដើម្បីជាតិ និងប្រជាជន។ សម្តេចតេជោ មិនមែនយកដីនៅតំបន់រមណីយដ្ឋានអង្គរទៅឱ្យវិស័យឯកជនណាមួយនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធររៀបចំប្រែក្លាយស្រុកបន្ទាយស្រី ទៅជាក្រុង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចប្រគល់ក្របខណ្ឌដល់មន្ត្រីបណ្តែត៨រូប ដែលបម្រើការងារនៅមណ្ឌលសុខភាពរុនតាឯក។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអគ្គិសនីកម្ពុជា តបណ្តាញអគ្គិសនីជូនមណ្ឌលសុខភាពរុនតាឯកដោយមិនគិតថ្លៃ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យដំឡើងមណ្ឌលសុខភាពរុនតាឯក ទៅជាមន្ទីរពេទ្យបង្អែកស្រុកកម្រិត១។
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់អគារសិក្សា១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ ជូនសាលារៀននៅរុនតាឯក។
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា សម្តេចពូកែដុតមាន់ និងសាច់ក្រក។
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌជូនគ្រូ ១០នាក់ ដែលកំពុងបង្រៀននៅសាលារុនតាឯក។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអគ្គិសនីកម្ពុជា តបណ្តាញអគ្គិសនីជូនសាលានៅរុនតាឯក។
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ជូនសាលារៀនរុនតាឯកនូវកុំព្យូទ័រ ៥គ្រឿង ព្រីនធើ ៥គ្រឿង និងម៉ាស៊ីនថតចម្លង ២គ្រឿង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់រថយន្តក្រុង១០គ្រឿង សម្រាប់ដឹកពលរដ្ឋពីរុនតាឯក ទៅក្រុងសៀមរាប ដោយមិនគិតថ្លៃ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យកែប្រែផ្លូវទាំងអស់នៅរុនតាឯក ពីផ្លូវដី ទៅជាផ្លូវបេតុង និងកៅស៊ូ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មនឹងការរិះគន់ថា យកពលរដ្ឋមកទុកចោលនៅរុនតាឯក។ សម្តេចធិបតី ចង់ឱ្យអ្នករិះគន់ចុះមកមើលជាក់ស្តែង។ សម្តេចធិបតី បានលើកឡើងថា កម្ពុជាមិនមែនជាប្រទេសអ្នកមាននោះទេ ដូច្នេះត្រូវធ្វើអ្វីជាជំហាន និងដំណាក់កាល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងកសិកម្ម និងទេសចរណ៍ គិតគូររៀបចំលើកកម្ពស់សេដ្ឋកិច្ចជូនពលរដ្ឋនៅរុនតាឯក។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតគូរផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលរដ្ឋនៅរុនតាឯក។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ១០៖៣០នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ ៕