សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសប្តេជ្ញារក្សាប្រាសាទអង្គរវត្តជាកេរដំណែលដូនតាឱ្យបានរាប់ពាន់ឆ្នាំបន្តទៀត

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្តេជ្ញាថែរក្សាប្រាសាទអង្គរវត្ត ដែលជាកេរដំណែលរបស់ដូនតាខ្មែរជាង១ពាន់ឆ្នាំមកនោះ ត្រូវបន្ដការពារឱ្យបានរាប់ពាន់ឆ្នាំតទៅមុខទៀត។ ការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមក រស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ប្រាសាទបុព្វបុរសយើងបានកសាងជាង៤០០ឆ្នាំមកហើយ តាមរដ្ជកាលព្រះបាទជ័យវរ្ម័នទី២ រហូតដល់រដ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ហើយនៅតំបន់ សៀមរាបនេះពីដើម គឺជាតំបន់ហានិភ័យ ដែលព្រះបាទព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុកាលពីឆ្នាំ១៩៩១ បានសុំឱ្យអន្តរជាតិ ជួយសង្គ្រោះនូវហានិភ័យ រហូតដល់ដាក់ក្នុងបញ្ជី បេតិកភណ្ឌពិភពលោកមកដល់បច្ចុប្បន្ន»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ប្រាសាទដែលមានការខូចខាតអាចជួសជុលបាន ប៉ុន្តែប្រាសាទដែលសាងសង់ជាង ១ ២០០ឆ្នាំមុន មិនអាចត្រឡប់ថយក្រោយវិញបាននោះទេ។ សម្ដេចធិបតីបានបន្ដថា បើចង់បានប្រាសាទដូចមុនយើងមិនអាចយកបច្ចេកវិទ្យាបាននោះទេ ចំណុចនេះមិន អាចកាត់ថ្លៃបាននូវតម្លៃសម្បត្តិវប្បធម៌ដែលយើងបានដាក់ចូលក្នុងបេតិកណ្ឌពិភពលោក។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ស្របតាមគោលនយោបាយចំហជើងមេឃរបស់សម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ពិសេសតំបន់ប្រាសាទអង្គរ ទៅជាដែកឆក់សម្រាប់ទាក់ទាញការចាប់អារម្មណ៍ភ្ញៀវទេសចរ ឱ្យបានច្រើនរាប់លាន់នាក់ ឱ្យទៅជាខេត្តសៀមរាប ដែលជាខេត្តធ្លាប់ស្ងាត់ជ្រងំទៅជាខេត្តដែលរីកលូតលាស់ និងជាប៉ូលសេដ្ឋកិច្ច»។

ក្នុងឱកានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងទៀតថា នៅពេលដាក់តំបន់ប្រាទអង្គរវត្តទៅជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ យើងត្រូវគោរពតាមលក្ខខណ្ឌក្នុងនោះគឺប្រាសាទត្រូវជាប្រាសាទ បេតិកភណ្ឌពិភពលោកជាសម្បត្តិមនុស្សជាតិ ហើយក៏ត្រូវមានអ្នកថែទាំងប្រាសាទឱ្យបានរាប់ពាន់ឆ្នាំបន្តទៀត។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមយ៉ាងដូច្នេះថា៖ «ប្រាសាទយើងក៏សាងជាង ១ ២០០ឆ្នាំ មកហើយ យើងត្រូវធានាថែរក្សាឱ្យបានរាប់រយពាន់ឆ្នាំបន្តទៀត។ មានលោកយាយ លោកតា មិញឱ្យពរខ្ញុំឱ្យមានអាយុ ១២០ ឆ្នាំ ខ្ញុំថាមនុស្សបានអាយុ១៥០ឆ្នាំ បានហើយ តែព្រលឹងជាតិរបស់យើង ត្រូវនៅរាប់ពាន់ឆ្នាំប្រាសាទដែលជាកេរតំណែលរបស់ដូនតាយើងត្រូវនៅរាប់ពាន់ឆ្នាំបន្តទៀត នេះជាអ្វីដែលយើងត្រូវថែរក្សា»។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានអះអាងថា បើសិនកម្ពុជាមិនទទួលនិងអនុវត្តន៍តាមលក្ខខណ្ឌរបស់អង្គការយូណេស្កូនោះទេ ប្រាសាទ និងតំបន់មួយចំនួន នឹងអាចដកចេញពីបញ្ជីបេតិក ភណ្ឌពិភពលោក ដែលកន្លងមក ក៏មានប្រទេសមួយចំនួនត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភព លោកដោយសារមិនបានគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង